(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ ដឹកនាំគណៈប្រតិភូ អញ្ជើញចូលគោរព វិញ្ញាណក្ខន្ធ លោក នៃ ប៉េណា អនុប្រធានទី១ នៃព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពី៣ថ្ងៃមុន។
ទេសរដ្ឋមន្ដ្រី គន់ គីម បានសម្តែងនូវសមានចិត្ត និងការចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកស្រី មាឃ ឡាញ់ នៃ ប៉េណា ក៏ដូចជាជូនចំពោះក្រុមគ្រួសារសព ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នេះ។
លោកទេសរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ខ្ញុំ និងភរិយា សូមចូលរួមរំលែកនូវមរណទុក ជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសពទាំងអស់ ដែលបានបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជាជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការបម្រើបុព្វហេតុជាតិ មាតុភូមិ គ្រប់កាលៈទេសៈ»។
ទេសរដ្ឋមន្ដ្រី គន់ គីម សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តម នៃប៉េណា សូមឆាប់បានយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា លោក នៃ ប៉េណា ជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់កម្ពុជា បានទទួលមរណភាព ដោយរោគាពាធ នាំ នាវេលាម៉ោង១៖០០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧៤ឆ្នាំ។ សពរបស់លោក នៃ ប៉េណា ត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡាវីស ច្រកទ្វារទី២ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពិធីដង្ហែរសពនឹងប្រពឹត្តទៅនៅព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨ ឆ្ពោះទៅកាន់ឈាបនដ្ឋាននៅទីលានមុខវត្តបុទុមវត្តី៕