(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ អមដំណើរដោយ លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈចលនា រួមជាមួយឥស្សរជន ស្ថាប័ន ក្រសួងនានា សមាជិក សមាជិកា ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលបានទទួលមរណភាព។
លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ក្នុងក្តីវិយោតដ៏សែនក្រៀមក្រំបំផុតនេះ ពិតជាសោកស្តាយជាទីបំផុតចំពោះការបាត់បង់ លោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការស្តារ កសាង និងអភិវឌ្ឍប្រទេស ក្នុងទឹកចិត្តស្នេហាជាតិដ៏បរិសុទ្ឋ និងជាថ្នាក់ដឹកនាំព្រឹទ្ធសភាដ៏ឧត្តុង្គឧត្តម តំណាងប្រជាពលរដ្ឋគួរជាទីគោរពស្រឡាញ់។
ជាមួយគ្នានេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកសង្រេងក្រៃលែង និងសោកស្តាយ ជាទីបំផុតជាមួយលោកជំទាវ និងក្រុមគ្រួសារ ដែលបានបាត់បង់នូវឧត្តមស្វាមី បីតា ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏វិសុទ្ធថ្លៃថ្លា។
សូមជម្រាបថា លោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា បានទទួលមរណភាពនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣៖០០នាទី ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ៕