(ស្វាយរៀង)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំទ្វេភាគីគយព្រំដែន លើកទី៣ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមកលើការងារគយ ជាពិសេសការងារបង្ក្រាបអំពើរត់គេចពន្ធ បទល្មើសឆ្លងដែន ការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសទំនិញឆ្លងកាត់ និងការធ្វើបច្ចុប្បន្នភាពការងារសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំង២។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅការិយាល័យគយ និងរដ្ឋាករ ក្រុងបាវិត ខេត្តស្វាយរៀង ដែលភាគីកម្ពុជា ដឹកនាំដោយលោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាជាគោលការណ៍លើចំណុចសំខាន់ៗដូចជា រៀបចំឡើងវិញមន្ត្រីទំនាក់ទំនងទទួលបន្ទុកផ្លាស់ប្តូរព័ត៌មាន ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន តាមរយៈយន្តការមួយដែលធានាឲ្យការធ្វើទំនាក់ទំនងគ្នា បានឆាប់រហ័សទាន់ពេលវេលា មានភាពសុក្រឹត និងប្រកបដោយការរក្សាការសម្ងាត់វិជ្ជាជីវៈខ្ពស់។
ជាមួយគ្នានេះដែរ ភាគីទាំង២ក៏នឹងពិនិត្យលទ្ធភាពផ្លាស់ប្តូរទិន្នន័យស្ថិតិជាក់លាក់ នូវទំនិញនាំចេញ នាំចូល រួមទាំងទំនិញឆ្លងកាត់ពីប្រទេសទី៣ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងបទល្មើសគយពាក់ព័ន្ធនានា ឲ្យមានប្រសិទ្ធភាពខ្ពស់។
បន្ថែមលើនេះ ភាគីទាំងពីរ ឯកភាពផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការនាំចូលទំនិញមានហានីភ័យខ្ពស់ ដែលស្ថិតក្នុងមុខសញ្ញាត្រួតពិនិត្យដោយគយ មុនពេលឆ្លងកាត់ព្រំដែនប្រទេសទាំង២។ ចូលរួមអនុវត្តប្រតិបត្តិការគយរួមមានឈ្មោះថា Mekong Dragon ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។ កិច្ចប្រជុំទ្វេភាគីក្នុងកម្រិតគយព្រំដែននេះ នឹងត្រូវធ្វើជាប្រចាំឆ្នាំតាមគោលការណ៍ប្តូរវេនគ្នា ស្របតាមខ្លឹមសារ នៃអនុស្សរណៈយោគយល់គ្នា ដែលចុះហត្ថលេខាដោយរដ្ឋបាលគយទាំង២ កាលពីឆ្នាំ២០០៧។
ភាគីទាំង២បានវាយតម្លៃខ្ពស់ និងចាត់ទុកកិច្ចប្រជុំទ្វេភាគីនេះមានសារសំខាន់ ដែលនឹងក្លាយទៅជារបត់ នៃការធ្វើកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ជាពិសេសការងារប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗ របស់ប្រទេសទាំង២ តំបន់ និងសកលលោក ដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រមូលចំណូលថវិការដ្ឋរបស់ប្រទេសទាំង២រៀងៗខ្លួន។
ជាមួយគ្នានេះ គណៈប្រតិភូគយវៀតណាម ក៏បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ អំពីការងារគយនៅ តំបន់សេដ្ឋកិច្ចពិសេស Intervia Automobile Industry Complex និងកំពង់ផែអន្តរជាតិភ្នំពេញ និងទិដ្ឋភាពទូទៅនៃទំនើបកម្មនីតិវិធីគយ ពាក់ព័ន្ធនឹងទំនិញនាំចេញ-នាំចូល និងឆ្លងកាត់៕