(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Alexandre Huynh តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ប្រចាំកម្ពុជា (FAO) និងសហការី ចូលជួបសម្តែងការគួរសម និងពិនិត្យលទ្ធភាពលើការងារមួយចំនួន ដែលអង្គការអាចជួយគាំទ្រ ឬផ្តល់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ធ្វើយ៉ាងណាលើកស្ទួយវិស័យកសិកម្មកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន មួយកម្រិតទៀត។
ថ្លែងក្នុងកិច្ចជំនួប នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ លោក Alexandre Huynh តាងនាមឲ្យអង្គការ FAO និងក្នុងនាមខ្លួនលោកផ្ទាល់ សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន របស់ប្រទេសកម្ពុជា លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាលសម្រេចបាន នាឆ្នាំកន្លងមកក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកក៏សូមចូលរួមអបអរសាទរ ជូនចំពោះលោករដ្ឋមន្ត្រី ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់អាណត្តិទី៦ នៃរាជរដ្ឋាភិបាល។ លោកសង្ឃឹម និងជឿជាក់ថា ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី វិសាលភាពនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ FAO នឹងកាន់តែមានភាពរីកចម្រើន និងប្រសិទ្ធភាពថែមទៀត។
ចំពោះគោលបំណង នៃជំនួបនាថ្ងៃនេះ គឺដើម្បីពិនិត្យលើអនុវិស័យនានាដែលអង្គការ FAO អាចជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ និងស្នើសុំអនុសាសន៍មួយចំនួន ដើម្បីធ្វើការកែសម្រួល ក៏ដូចជាតំរង់ទិសផែនការ យុទ្ធសាស្ត្ររយៈពេល៥ឆ្នាំថ្មី របស់អង្គការក្នុងការជួយគាំទ្រ ដល់វិស័យកសិកម្មកម្ពុជា ធ្វើយ៉ាងណាស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្រ្តី វេង សាខុន ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការ FAO ដែលបានជួយគាំទ្រយ៉ាងច្រើន ក្នុងដំណើរការនៃការរៀបចំ គោលនយោបាយជាយុទ្ធសាស្រ្ត និងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ពិសេសបានជួយឧបត្ថម្ភទាំងបច្ចេកទេស និងថវិកា ដើម្បីអនុវត្តគម្រោងនានាកន្លងមក។
ស្ដែងចេញពីលទ្ធផល នៃការអនុវត្តន៍គម្រោងទាំងនោះ ធ្វើឲ្យវិស័យកសិកម្ម មានការរីកចម្រើនជាបន្តបន្ទាប់។ តាមរយៈនៃការបំពេញបេសកកម្មរបស់ លោក Alexandre Huynh នៅកម្ពុជា លោករដ្ឋមន្រ្តី សង្ឃឹម និងជឿជាក់ថា អង្គការ FAO នឹងបន្តជួយគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើនបន្ថែមទៀត នាពេលអនាគត។
សូមបញ្ជាក់ថា កិច្ចប្រជុំនាថ្ងៃនេះ ភាគីទាំងពីរ បានឯកភាពគ្នា លើចំណុចសំខាន់ៗមួយចំនួន ដែលត្រូវដាក់បញ្ចូល ក៏ដូចជាផ្តោតជាសំខាន់ ក្នុងផែនការយុទ្ធសាស្ត្រថ្មី របស់អង្គការ មានជាអាទិ៍៖
ទី១៖ ត្រូវលើកកម្ពស់ការរៀបចំផែនទី កំណត់តំបន់ដាំដុះ។
ទី២៖ បង្កើនការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទីផ្សារជូនប្រជាកសិករ តាមរយៈការលើកកម្ពស់ទំនើបកម្មកសិកម្ម ការកែឆ្នៃ និងពាណិជ្ជូបនីយកម្ម រួមជាមួយនឹងការរៀបចំផែនការដាំដុះប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព ដើម្បីតម្រូវចិត្តនៃទីផ្សារត្រូវការ។
ទី៣៖ ជំរុញការអនុវត្តស្តង់ដារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្ម ដើម្បីធានាបាន ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។
ទី៤៖ ពិនិត្យលទ្ធភាព លើការកសាងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រវិស័យកសិកម្ម ដើម្បីបង្កើនទាំងគុណភាព និងផលិតភាព ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើម ដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ៕