(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការខេមបូឌាវីសិន (អូស្រ្តាលី) ចំនួន១៤០នាក់ ដែលបានមកព្យាបាល អ្នកជំងឺឥតគិតថ្លៃ ប្រមាណជាង៤,០០០នាក់ កាលពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងបានពិសារអាហារសាមគ្គីរួមគ្នា នៅភោជនីយដ្ឋានឡឺប្រេស៊ីដង់ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តស្វាយរៀង ដែលដឹកនាំដោយលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង រួមសហការជាមួយ មន្ទីរសុខាភិបាល ខេត្តស្វាយរៀង ដឹកនាំដោយលោក កែ រដ្ឋា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អង្គការខេមបូឌាវីសិន (អូស្រ្តាលី) ដឹកនាំដោយលោក ជេក ម៉េងលី ដែលក្រុមគ្រូពេទ្យទាំងអស់ បានចំណាយទាំងថវិកា និងពេលវេលាមកព្យាបាល ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្តស្វាយរៀង។
លោកស្រី ម៉ែន សំអន បានបន្តទៀតថា សកម្មភាពមនុស្សធម៌នេះ ពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លា របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសអូស្រ្តាលី បានរួមគ្នាបង្កើតជាក្រុមមួយស្រាប់ ធ្វើការងារមនុស្សធម៌នេះ និងបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ។
លទ្ធផលនៃការពិនិត្យ ព្យាបាល និងវះកាត់នេះរួមមាន៖
* អ្នកចុះឈ្មោះ ៣,៩៩៨នាក់
* វះកាត់ភ្នែកឡើងបាយ កន្ទុយថ្លែន ៤៤២នាក់
* កាត់វ៉ែនតា ៣៥០
* ចែកវ៉ែនតាខ្មៅ ការពារពន្លឺ ៣,៥០០
* ចែកវ៉ែនតាអានអក្សរ ៩៥០
* ចែកកាសត្រចៀក ៧៥០
* ព្យាបាលជំងឺទូទៅ ៣,០៦២នាក់
* ព្យាបាលជំងឺត្រចៀក ៧៩៥នាក់
ក្នុងរាត្រីនោះផងដែរ ក៏មានការចូលរួមថវិកាមនុស្សធម៌ពីសំណាក់ លោក លោកស្រី ដោយប្រមូលបានថវិកា បានជាង១០ម៉ឺនដុល្លារ សម្រាប់បន្តគម្រោងព្យាបាល ក្នុងឆ្នាំ២០១៩ ខាងមុខនេះ។ លោកស្រី ក៏បានសំណូមពរ ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាល នៅខេត្តស្វាយរៀង នៅគម្រោងបន្តបន្ទាប់ទៀត៕