(ព្រះវិហារ)៖ ថ្លែងទៅកាន់កងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងពេលជួបសំណេះសំណាល មុនឱកាសបុណ្យភ្ជុំបិណ្ឌ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានជំរុញឲ្យកម្លាំងអាវុធហត្ថខេត្ត បង្ក្រាបករណីការកាប់បំផ្លាញ និងការដឹកជញ្ជូនធនធានធម្មជាតិដោយខុសច្បាប់ ឲ្យមានប្រសិទ្ធិភាពបំផុត។
លោក អ៊ុន ចាន់ដា បានថ្លែងថា ប៉ុន្មានថ្ងៃខាងមុខនេះ លោកនឹងចាប់ដៃជាមួយអធិការខាងជើងបឹងទន្លេសាប និងពង្រឹងការត្រួតពិនិត្យ ការទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងខេត្តព្រះវិហារ។ លោកបន្តថា កម្លាំងទាំងនេះនឹងចុះមក ដើម្បីសហការជាមួយរដ្ឋបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត។
លោកបានបញ្ជាកយ៉ាងដូច្នេះថា «អញ្ចឹងយើងមានអ្នកជួយហើយ ពីព្រោះពេលមុនមានតែអាវុធហត្ថ មានតែខណ្ឌរដ្ឋបាលព្រៃឈើ វាមិនទាន់គ្រប់គីឡូទេ ហើយបទល្មើសនៅតែមានការលួចលាក់។ ពេលចប់បុណ្យភ្ជុំនេះ យើងនឹងពង្រឹងនៅខេត្តព្រះវិហាររបស់យើង ព្រោះរឿងនេះជាគោលនយោបាយ របស់រាជរដ្ឋាភិបាលផង និងជាបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រគល់សិទ្ធិ ប្រគល់ការទទួលខុសត្រូវទាំងស្រុង មកឲ្យគណៈបញ្ជាការឯកភាពខេត្ត»។
សូមជម្រាបថា នៅក្នុងឱកាសសំណោះសំណាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោក អ៊ុន ចាន់ដា បានឧបត្ថម្ភប្រាក់៧លានរៀល មី២០កេស ទឹកក្រូច២០កេស និងទឹកសុទ្ធ២០០យួរ ដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារផងដែរ៕