(ភ្នំពេញ)៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមន្ដ្រីរាជការក្រោមឱវាទ បានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ ជាមួយពុទ្ធបរិស័ទចំនួន៥វត្ត នាព្រឹក៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តេយផ្លូវជាតិលេខ៥ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គឺវត្តមន្នីប្រសិទ្ធីវង្ស វត្តបុរីវង្ស វត្តអង្គសិរី វត្សុវណ្តវ៉ារី និងវត្តព្រែកប្រាង។
ជារៀងរាល់ឆ្នាំ នៅក្នុងរដូវនៃពិធីបុណ្យដាក់បិណ្ឌ អស់លោក និងលោកស្រី តែងតែអញ្ជើញចូលរួមធ្វើបុណ្យធ្វើទាន ជាមួយពុទ្ធបរិស័ទព្រមទាំង បាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេនព្រះសង្ឃ និង រាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតាញាតិការ ទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលកូន ចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃ នាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឲ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ ។
មួយចំណែក នៃកុសលផលបុណ្យនេះ ក៏សូមឧទ្ទិសជូនចំពោះដូងវិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឲ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងនោះចាប់ កំណើតកើតក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏ពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋ នៅទូទាំង ប្រទេសកម្ពុជា។ លោកស្រីកិត្តិសង្គហបណ្ឌិត បានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ សូមបានជួបប្រទះ តែព្រះពុទ្ធពរទាំង៤ប្រការ និងសុំតែសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ៕