(ភ្នំពេញ)៖ ក្នុងពិធីទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា ពលរដ្ឋដែលជាសមាជិក សមាគមមនុស្សចាស់ របស់រាជធានីភ្នំពេញ គឺត្រូវបានទទួលសេវាព្យាបាល សាធារណៈដោយឥតគិតថ្លៃ។
ក្នុងពិធីទិវានោះ លោក ឃួង ស្រេង បានអះអាងយ៉ាងដូច្នេះថា «មនុស្សចាស់ ទោះបីពួកគាត់ បានក្លាយជានិវត្តន៍ជនក៏ដោយ ប៉ុន្តែពួកគាត់នៅតែមានសមត្ថភាព និងជាប្រភពទុនមួយ ដ៏មិនអាចខ្វះបាន សម្រាប់ជួយបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយ ដែលក្មេងខ្លះ មិនអាចអនុវត្តការងារបាន ដូចមនុស្សចាស់នោះទេ»។
អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កត្តាទាំងអស់នេះហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែយកចិត្តទុកដាក់ដល់ពួកគាត់ ពិសេសគឺផ្តល់សេវាសុខភាពដោយឥតគិតថ្លៃ និងធ្វើដំណើរតាមរថយន្ត ក្រុងសាធារណៈដោយឥតគិតថ្លៃផងដែរ។
លោកអភិបាលរាជធានី បានលើកឡើងទៀតថា មនុស្សចាស់ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីប្រមុខរាជរដ្ឋាភិបាល រហូតមានការជួយឧបត្ថមជាច្រើន រួមជាមួយនឹងការពិនិត្យព្យាបាល។ មនុស្សចាស់ បានពន្យល់ទុក នូវគុណបំណាច់ជាច្រើន ជូនជាតិមាតុភូមិ និងចូលរួម អភិវឌ្ឍន៍ ឈានដល់ការរីកចំរើន ដែលនេះហើយ ជាស្នាដៃដ៏ធំធេងសម្រាប់ក្មេងជំនន់ក្រោម។
ជាមួយគ្នានោះដែរ លោក ឃួង ស្រេង ឲ្យអាជ្ញាធរសង្កាត់ទាំង១០៥ នៅទូទាំងរាជធានី ត្រូវតែយកចិត្តទុកដាក់ដល់ពួកគាត់ ពិសេសសមាជិករបស់សមាគមមនុស្សចាស់ ដែលរដ្ឋបាលរាជធានី បានបង្កើតសមាគមរួចមកហើយ នៅតាមសង្កាត់និមួយៗ។
ដោយឡែក លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា បានលើកឡើងថា «តាមស្ថិតិ ឆ្នាំ២០១៧ មនុស្សវ័យចាស់នៅរាជធានីភ្នំពេញ ចាប់ពីអាយុ៦១ឆ្នាំ ឡើងទៅ មានចំនួន១៣៣,៣៦៣នាក់»។
លោកស្រី បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់យកជាអាទិភាពឲ្យមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ដាក់បញ្ជូលកម្មវិធី និងគ្រប់គ្រងសមាគមមនុស្សចាស់ ទៅក្នុងកម្មវិធីប្រជុំរបស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីឲ្យសង្កាត់ ក្នុងរាជធានីបន្តអនុវត្ត ចងក្រងពង្រឹង និងពង្រីកជួយដល់សមាជិកសមាគមមនុស្ស ដែលបច្ចុប្បន្នមាន ចំនួនសមាជិកសរុប២០,១៦២នាក់ ក្នុងនោះ មានស្រ្តី១១,៥៧៤នាក់។
លោកស្រី មុំ ចាន់ដានី បានបន្ថែមទៀតថា បញ្ហាចម្បងរបស់មនុស្សចាស់ មានបញ្ហាប្រឈមមុខនោះ គឺសុខភាព ស្មារតីចងចាំទន់ខ្សោយ ឱកាសរកប្រាក់ចំណូលតិចតូច ពិបាកក្នុងការធ្វើដំណើរ ជាពិសេស ត្រូវទទួលខុសត្រូវ ក្នុងការមើលថែផ្ទះសំបែង និងមើលថែកូនចៅ។
លោកស្រី បានគូសបញ្ជាក់ថា មនុស្សវ័យចាស់មួយចំនួនទៀត ដោយសារតែស្ថានភាពទូទល់ក្រ ចេញទៅស្វែងរកថវិកា ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងមនុស្សវ័យចាស់មួយចំនួនតូច ត្រូវបានកូនៗបោះបង់ចោល ដោយកូនពួកគាត់ត្រូវបង្ខំចិត្ត ធ្វើចំណាកស្រុកទៅក្រៅប្រទេស ឬចាកចេញពីផ្ទះសំបែងយូរ ដោយទុកឲ្យមនុស្សចាស់មើលថែចៅៗ និងស្វែងរកថវិកា សម្រាប់ជីវភាពប្រចាំថ្ងៃ៕