(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សា គណៈអភិបាលខេត្ត តំណាងរាស្ត្រអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ លោក នៃ ប៉េណា អនុប្រធានទី១ នៃព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១៖០០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យនេះប្រារព្ធធ្វើនៅគេហដ្ឋាននៃសព ផ្ទះលេខ៣៩១ ផ្លូវប៉ូឡាវីស ច្រកទ្វារទី២ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដោយឡែកពិធីដង្ហែរសពឆ្ពោះទៅកាន់ឈាបនដ្ឋាននៅទីលានមុខវត្តបុទុមវត្តី នឹងប្រពឹត្តទៅនៅព្រឹកថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨។
លោក ម៉ៅ ធនិន តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ បានសម្តែងនូវសមានចិត្ត និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកស្រី មាឃ ឡាញ់ នៃប៉េណា ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត។
ការទទួលមរណភាពរបស់លោក នៃ ប៉េណា គឺជាការបាត់បង់នូវ ស្វាមី ឪពុក និងជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌មួយរូបចំពោះក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌ ហើយក៏ជាការបាត់បង់នូវវីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញទៅដោយឆន្ទៈមនសិការ ចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង ស្តារ និងអភិវឌ្ឍសង្គម នាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ និងមាតុភូមិកម្ពុជា៕