(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានប្រគល់ម៉ូតូចំនួន៥គ្រឿង ជូនដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A ចំនួន៥នាក់ សម្រាប់ឆ្នាំ២០១៨នេះ។
ម៉ូតូទាំង៥គ្រឿងដែលប្រគល់ជូនសិស្សពូកែនិទ្ទេស A នេះ មាន២គ្រឿងជាអំណោយរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង៣គ្រឿងទៀតជាអំណោយរបស់លោកអភិបាលខណ្ឌ និងសប្បុរសជន។
ពិធីសំណេះសំណាល និងប្រគល់ម៉ូតូចំនួន៥គ្រឿង ជាការលើកទឹកចិត្តដល់សិស្សពូកែនេះ បានធ្វើឡើងនៅក្នុងបរិវេណសាលាខណ្ឌសែនសុខ ទៅតាមអ្វីដែលបានសន្យា និងគ្រោងទុក ដើម្បីលើកទឹកចិត្តដល់ការខិតខំរបស់សិស្សទាំង៥នាក់។
លោកអភិបាល ម៉ូវ ម៉ានិត បានថ្លែងថា «ខ្ញុំសូមកោតសសើរដល់ប្អូនៗសិស្សពូកែប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននិទ្ទេស A ទាំងអស់ បានសបញ្ជាក់ឲ្យឃើញថា ជាលទ្ធផលបានមកពីការខិតខំប្រឹងប្រែងរៀនសូត្រ របស់ប្អូនៗ ជាទំពាំងស្នងឫស្សី ជាសរសទ្រូងរបស់ប្រទេសជាតិ»។
លោកអភិបាលក៏បានជំរុញ ដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងពង្រឹងសមត្ថភាពរបស់ខ្លួន ទ្វេឡើងថែមទៀត ដើម្បីត្រៀមខ្លួនចូលរួមប្រឡងថ្នាក់ជាតិ ទូទាំងប្រទេសឱ្យបានទទួលជោគជ័យគ្រប់ៗគ្នា ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា និងត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន៕