(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ កងយោធពលខេមរៈភូមិន្ទ ប៉ុស្តិ៍លេខ៥ បានសម្រេចក្រុងពាលីថតរឿងថ្មីមួយទៀតហើយ មានចំណងជើងថា «មិត្តឫស្យា» នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ ដែលជាប្រភេទភាពយន្តភាគ ឆ្លុះបញ្ចាំងពីការអប់រំយុវវ័យ ឲ្យសាងអំពើល្អ ស្គាល់គុណស្គាល់ទោស និងបានបង្ហាញពីការរស់នៅ របស់យុវវ័យសម័យបច្ចុប្បន្ន ភ្ជាប់ជាមួយនឹងការដណ្ដើមឈ្នានីស ភ្លើនភ្លើនរបស់មនុស្សសម័យថ្មី។
លោក ស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យ ការចាក់ផ្សាយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានថ្លែងឲ្យដឹងថា ខ្សែភាពយន្តភាគ «មិត្តឫស្យា» ជាប្រភេទរឿងស្នេហា ឈ្នានីសកើតឡើងរវាងមិត្តភក្ដិ និងមិត្តភក្ដិ មិនខុសពីទិដ្ឋភាពជាក់ស្ដែង ដូចក្នុងសង្គមនាពេលបច្ចុប្បន្ននេះឡើយ។ ម្យ៉ាងវិញទៀត ភាពយន្តភាគនេះ ក៏បានបង្ហាញពីការរស់នៅក្នុងសង្គមសព្វថ្ងៃ របស់យុវវ័យមួយចំនួន ដែលភ្លើតភ្លើន ភ្លេចអស់បងប្អូន និងអ្នកជិតស្និទ្ធ ព្រោះតែអំណាចទឹកប្រាក់ ភាពស៊ីវីល័យ និងអំណាចរបស់ឪពុកម្ដាយ។
លោកបានបន្តទៀតថា ទោះបីជាភាពយន្តភាគរឿង «មិត្តឫស្យា» មានលំនាំតាមភាពយន្តថៃខ្លះៗ ក៏ពិតមែន ប៉ុន្តែយើងបានកៃច្នៃវា ឲ្យមានស្ថានភាពជាខ្មែរពិតៗ ទាំងការស្លៀកពាក់ ការតុបតែងខ្លួន និងចរិតឫកពាររបស់តួសម្ដែង ប្លង់ថត គឺមានទម្រង់បែបបទជាខ្មែរសុទ្ធសាធ។ រឿងនេះបើលោកចាំមិនភ្លេចទេ គឺជាស្នាដៃទី១៣ហើយ សម្រាប់ប៉ុស្ដិ៍លេខ៥ ដែលជាកិច្ចសហការគ្នារបស់ផលិតករខ្មែរ និងផលិតករថៃ ខណៈមានរឿងជាច្រើនមកហើយ ទទួលបានការគាំទ្រ ពេលដាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍លេខ៥។
លោក ស៊ិន សុផាត បានបន្ថែមទៀតថា ជាការពិតណាស់ភាពយន្តមួយ ដែលទទួលបានការគាំទ្រ គឺត្រូវមានចំណុចទាក់ទាញច្រើន ពោលគឺក្នុងនោះបញ្ហាគុណភាព ក៏ជារឿងចំបងដែលយើងត្រូវគិតគូមុនគេដែរ ជាក់ស្ដែងសម្រាប់ស្ថានីយទូរទស្សន៍ កងយោធពលខេមរៈភូមិន្ទ ប៉ុស្តិ៍លេខ៥ គឺបានគិតគូយ៉ាងល្អិតល្អន់លើគុណភាព ការជ្រើសរើសតួស្ដែង ហើយបានតម្រូវឲ្យតួសម្ដែង សម្ដែងទៅតាមចរិតពីធម្មជាតិរបស់ខ្លួន ដើម្បីឲ្យសាច់រឿងមានលក្ខណៈរស់រវើក មិនឆ្គងៗ ហើយគេចផុតពីការរិះគន់របស់ទស្សនិកជន។
សូមបញ្ជាក់ថា រឿង«មិត្តឫស្យា» ជាខ្សែភាពយន្តមាន ៣៥ ភាគ គ្រោងនឹងចេញថតនៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៨ នេះ។ ឯទីតាំងថតវិញមាននៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។ រឿងនេះមានការចូលរួមសម្ដែង ដោយតារាល្បីៗមានដូចជា មុំ សុទ្ធារ៉ា, ប៉ប រចនា, យ៉ែម ស្រីពេជ្រ, លឹម រដ្ឋា, លៀង ឧត្ដម, សុទ្ធា ពិសិដ្ឋ និងតារាសម្ដែងស្រីប្រុសជាច្រើនរូបទៀត៕