(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ជំរុញដល់កម្លាំងនគរបាលក្រុងរក្សាសន្តិសុខ សណ្តាប់ធ្លាប់ ជូនពលរដ្ឋ នៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យសមជាសមត្ថកិច្ច និងអនុវត្តតួនាទីដែលថ្នាក់ដាក់ ឱ្យមានប្រសិទ្ធិភាពផងដែរ។
ការជំរុញបែបនេះរបស់លោក សាន ស៊ានហូ បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោក រួមជាមួយឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមប្រកាសផ្ទេរភារកិច្ច នាយការិយាល័យ នាយប៉ុស្តិ៍សង្កាត់ និងតែងតាំងមុខតំណែង មន្ត្រីនគរបាល នៃអធិការនគរបាលដ្ឋានក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត។
ជាមួយគ្នានេះដែរលោក សាន ស៊ានហូ ក៏បានជំរុញឱ្យមន្ត្រីនគរបាលដែលត្រូវបាន ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនាពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់លើតួនាទីភារកិច្ច របស់ខ្លួនបន្ថែមទៀត ពិសេសត្រូវបន្តផ្សព្វផ្សាយ ពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ គ្រប់គ្រងពីស្ថិតិប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្តាប់ឱ្យបានរាល់មុខសញ្ញាចេញពីពន្ធនាគារ មុខសញ្ញាជួញដូរគ្រឿងញៀន ក្មេងទំនើង និងមុខសញ្ញាធ្លាប់បង្កបទល្មើសចោរលួច ចោរប្លន់ ពិសេស គឺក្តាប់ឱ្យបានពីមនុស្សចេញ-ចូល ស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។
លោកឧត្ដមសេនីយ៍ត្រី សិទ្ធ ឡោះ ក៏បានក្រើនរំលឹកពីតួនាទីរបស់នគរបាលប៉ុស្តិ៍រដ្ឋបាល ដែលត្រូវអនុវត្តនៅមូលដ្ឋានរបស់ខ្លួននគរបាលប៉ុស្តិ៍ គឺជាសេនាធិការឱ្យឃុំ-សង្កាត់ រាល់កិច្ចនៅក្នុងមូលដ្ឋាន ដូច្នេះដើម្បីឱ្យកិច្ចការងាររបស់ខ្លួន ប្រព្រឹត្តទៅបានរលូន ទទួលបានជោគជ័យ គឺត្រូវតែមានកិច្ចសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ *និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អ និងទាន់ពេលវេលាក្នុងនោះដែរ ត្រូវជំរុញឱ្យប្រជាពលរដ្ឋដែល មិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណ និងប្រជាពលរដ្ឋគ្រប់អាយុ ត្រូវឱ្យគាត់មកធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់ៗគ្នា និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរផងដែរ។
ប្រកាសលោកអនុសេនីយ៍ឯក បោន សុភក្ត្រា ជានាយផ្នែកសណ្តាប់ធ្នាប់សាធារណៈក្រុងប៉ោយប៉ែត លោក ប្រិម សុផល នាយប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្តាល ជំនួសលោក មាស ម៉េងហួង ទៅបម្រើការងារនៃការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការខេត្ត៕