(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ បានទទួលជួបសម្ដែងការគួរសមពីសំណាក់យុវជនកម្ពុជា ចំនួន២៧រូប ដែលនឹងចូលរួមក្នុងកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ។
យុវជនវ័យក្មេងទាំងនេះ ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុង «កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៥» នៅក្នុងប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីពង្រឹងទំនាក់ទំនង និងការស្វែងយល់ពីគ្នាទៅវិញទៅមក រវាងយុវជននៃប្រទេសជប៉ុន និងយុវជន នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ ពង្រីកទស្សនវិស័យ របស់ពួកគេចំពោះពិភពលោក និងលើសពីនេះទៀត ដើម្បីពង្រឹងស្មារតី នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនាញជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។
គោលបំណងទាំងនេះ អាចសម្រេចបានតាមរយៈការចូលរួមជីវភាពប្រចាំថ្ងៃរបស់ពួកគេនៅលើនាវា ការណែនាំឲ្យស្គាល់គ្នាទៅវិញទៅមក អំពីប្រទេសរបស់ពួកគេ ការចូលរួមការពិភាក្សា និងសកម្មភាពផ្លាស់ប្តូរជាច្រើនទៀត នៅពេលធ្វើដំណើរតាមនាវា និងតាមបណ្តាប្រទេស ដែលពួកគេត្រូវទៅទស្សនា។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូនយុវជនទាំងនេះ ពីសមិទ្ធផលដែលសម្រេចបាន និងកំណែទម្រង់បន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់អាណត្តិទី៦នេះ និងបានរំលឹកដល់យុវជនកម្ពុជាទាំងអស់ថា ពួកគេគឺជាឯកអគ្គរាជទូតសុច្ឆន្ទៈរបស់កម្ពុជា។
បន្ថែមពីនេះ លោកទេសរដ្ឋមន្ដ្រី បានផ្ដាំផ្ញើឲ្យក្រុមយុវជន រក្សានូវអាកប្បកិរិយាល្អប្រកបដោយភាពវិជ្ជមានរបស់ខ្លួន ចំពោះយុវជនដ៏ទៃទៀត ដើម្បីទទួលបានការគោរពស្រឡាញ់ពីអ្នកទាំងនោះ និងសង្ឃឹមយ៉ាងមុតមាំថា ពួកគេនឹងណែនាំយុវជនដទៃទៀតបានស្គាល់នូវវប្បធម៌ កេរ្តិ៍ឈ្មោះ និងបេតិកភណ្ឌរបស់ប្រទេសកម្ពុជាផងដែរ។
ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគួសបញ្ជាក់ថា នេះគឺជាឱកាសបង្កើតបណ្តាញទំនាក់ទំនងល្អមួយ ហើយសង្ឃឹមថាពួកគេនឹងបន្តរក្សា និងបង្កើតទំនាក់ទំនងមិត្តភាពយូរអង្វែង ជាមួយយុវជនរួមដំណើរដទៃទៀត ក្នុងស្មារតីជាប្រទេសដែលស្ថិតនៅក្នុងតំបន់តែមួយ៕