(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្ដែងការគួរសម ដើម្បីទទួលបានអនុសាសន៍ណែនាំល្អៗ សម្រាប់ជាទុនចំណេះដឹងដ៏មានតម្លៃ មុនចេញដំណើរទៅចូលរួមកម្មវីធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៥ មានរយៈពេល៥២ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ។
លោក ហោ សំណាង ប្រធានស្តីទីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានជម្រាបជូនលោករដ្ឋមន្ត្រីថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងបន្តរួមចំណែកជួយដល់ការងារសង្គម ដ៏ដូចជាចូលរួមចំណែកជួយទ្រងទ្រង់ ដល់វិស័យសុខាភិបាល ដែលនៅតែជាវិស័យអាទិភាពមួយ របស់រាជរដ្ឋាភិបាល នៅក្នុងនីតិកាលទី៦នេះ ដូចបានកំណត់ក្នុងមុំទី៣ នៃចុតកោណទី១ ស្តីពីការអភិវឌ្ឍនធនធានមនុស្ស នៃយុទ្ធសាស្ត្រចតុកោនដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព សមធម៌ និងវិសាលភាពនៃសេវាសុខាភិបាលនៅទូទាំងប្រទេស។
លោក ហោ សំណាង បានជម្រាបជូនលោករដ្ឋមន្ត្រីទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត ភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន តែងតែបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះយុវជន។
លោកបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែផ្តល់ការអនុញ្ញាតឲ្យគណៈប្រតិភូយុវជន បានចូលសម្តែងការគួរសម ក៏ដូចជាដើម្បីទទួលបាននូវអនុសាសន៍ល្អៗ ជារៀងរាល់ឆ្នាំ មុនពេលដែលប្រតិភូយុវជន ចេញដំណើរទៅចូលរួមកម្មវិធី និងតែងតែបានឧបត្ថម្ភថវិកាចំនួន៥០០០ដុល្លារ ដើម្បីជួយទ្រទ្រង់មូលនិធិ និងបេសកកម្មរបស់សមាគមផងដែរ ដូចសម្តេចតេជោតែងតែមានប្រសាសន៍ថា យុវជនគឺជាសសរទ្រូងដ៏សំខាន់របស់ជាតិ ហើយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ជាកម្មវិធីយុវជនអន្តរជាតិធំជាងគេនៅក្នុងតំបន់។
ប្រធានស្តីទីរូបនេះ បញ្ជាក់ជំហរយ៉ាងមុតមាំ និងប្តេជ្ញាចិត្តបន្តគាំទ្រនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល និយាយជារួម និងផែនការយុទ្ធសាស្ត្រសុខាភិបាល ២០១៦-២០២០ របស់ក្រសួងសុខាភិបាល និយាយដោយឡែក ដូចមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦នេះ។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានចែករំលែកនូវសូចនាករសំខាន់ នៃការអភិវឌ្ឍន៍របស់វិស័យសុខាភិបាលកម្ពុជា ដោយលោកបានលើកឡើងអំពីកត្តាសុខសន្តិភាព ស្ថិរភាពយោបាយ និងកំណើតសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ម្តេចតេជោ ហ៊ុន សែន ទើបជំរុញឲ្យវិស័យសុខាភិបាលរបស់កម្ពុជាមានការរីកចំរើនជាបន្តបន្ទាប់។
ជាក់ស្តែង លោករដ្ឋមន្ត្រីបានលើកឡើងពីការប្រៀបធៀប នៃអាយុរំពឹងរស់របស់ប្រជាជនកម្ពុជា នៅឆ្នាំ១៩៩៨ មានត្រឹមតែអាយុ៥៦ឆ្នាំ ប៉ុន្តែនៅពេលបច្ចុប្បន្ន ឆ្នាំ២០១៨នេះ មានរហូតដល់៧០ឆ្នាំ។
លោករដ្ឋមន្ត្រីក៏បានលើកឡើង ពីការយកចិត្តទុកដាក់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីចំពោះកម្មករ កម្មការិនី ប្រជាជពលរដ្ឋក្រីក្រ ដោយទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងមូលនិធិសមធម៌របស់រាជរដ្ឋាភិបាលជាដើម៕