(កំពង់ចាម)៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្តថ្នាក់ជាតិរយៈពេល៣ថ្ងៃ ស្តីពី «ការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ» ដើម្បីជួយក្រុមប្រឹក្សាអាណត្តិទី៣ បន្ទាប់ពីការបោះឆ្នោតដែលនឹងរៀបចំឡើងនៅចុងឆ្នាំ២០១៩ រៀបចំផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ខ្លួន ក្នុងទម្រង់ថ្មីដែលដាក់ឱ្យអនុវត្តនាថ្ងៃទី២ មីនា ឆ្នាំ២០១៧។
ទម្រង់ថ្មីនៃការរៀបចំផែនការអភិវឌ្ឍន៍របស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌមាន៤ផ្នែកសំខាន់ៗគឺ ១.ផ្នែកសេដ្ឋកិច្ច ២.ផ្នែកសង្គមកិច្ច ៣.ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និង៤.ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
សិក្ខាកាមជាគ្រូបង្គោលចូលរួមវគ្គមានប្រមាណ៧០រូប មកពីលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នាយកទីចាត់ការធនធានមនុស្ស នាយកទីចាត់ការផែនការនិងវិនិយោគ២៥រាជធានី ខេត្ត។
បច្ចុប្បន្ន ប្រទេសកម្ពុជាមានរាជធានីភ្នំពេញ២៤ខេត្ត២៦ក្រុង១៥៩ស្រុក និង១២ខណ្ឌ៕