(ភ្នំពេញ)៖ ក្រុមហ៊ុនអេឡិចត្រូនិក សូនី បានប្រកាសពីការនាំចូលមកកាន់ទីផ្សារកម្ពុជា នូវបច្ចេកវិទ្យាទូរទស្សន៍ស៊េរីចុងក្រោយ ប្រភេទ4K ដែលមានម៉ាក A9F OLED និងZ9F LCD ដែលមានលក្ខណៈសម្បត្តិល្អឥតខ្ចោះ លើគុណភាព រូបភាព សម្លេង និងការរចនា ត្រូវបានសម្ពោធជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី១តុលា ឆ្នាំ២០១៨ ដើម្បីបំពេញសេចក្តីត្រូវការ របស់អតិថិជននៅកម្ពុជា។
បើតាមលោក Felix Foo ប្រធានផ្នែកទីផ្សារប្រចាំតំបន់ នៃក្រុមហ៊ុន សូនី បានថ្លែងឲ្យដឹងថា ទូរទស្សន៍ស៊េរីថ្មីម៉ាក A9F របស់ក្រុមហ៊ុនសូនី ដែលនឹងយកមកចែកចាយនៅកម្ពុជា គឺជាទូរទស្សន៍ស៊េរីចុងក្រោយរបស់ខ្លួន។ ទូរទស្សន៍ ស៊េរីចុងក្រោយនេះ មានគុណភាពច្បាស់ជាងមុន ទាំងរូបភាព និងសម្លេង ជាក់ស្ដែងទូរទស្សន៍នេះ មានសម្លេងរហូតដល់ ៩៨វ៉ាត់ឯណោះ មានសមត្ថភាពបញ្ចេញសម្លេងខ្លាំង ដែលបច្ចេកវិទ្យាមុនៗមិនមានឡើយ។
លោកបន្ថែមថា «សម្រាប់ផលិតផលសូនីនៅលើទីផ្សារកម្ពុជា អាចនិយាយបានថា ស្ថិតនៅក្នុងលំដាប់ទី៣ ហើយមហិច្ឆតារបស់ក្រុមហ៊ុន ក៏នៅតែប្រកាន់ខ្ជាប់ជានិច្ច គឺរួមចំណែកទីផ្សារឲ្យបានជាប់ចំណាត់ថ្នាក់ទី១» ។
ទូរទស្សន៍ Flagship A9F បំពាក់មកជាមួយ Pixel Contrast Boster ដែលជាឧបករណ៍ត្រួតពិនិត្យលើផ្ទាំង OLED។ ទូរទស្សន៍ A9F មានគុណភាពសម្លេងល្អឥតខ្ចោះ ដោយសារតែបច្ចេកវិទ្យា Acoustic Surface Audio។ សម្រាប់ទូរទស្សន៍ Z9F មានគុណភាពខ្ពស់ រូបច្បាស់ សម្លេងល្អ ការរចនាកាន់តែប្រណិត ,ដូចនេះទាំង A9F OLED និង Z9F LCD ត្រូវបំពាក់ដោយប្រព័ន្ធដំណើរការទើបតែអភិវឌ្ឍថ្មី គឺ XI Ultimate Processor ដែលប្រព័ន្ធដំណើរនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់រូបភាព ។
ទន្ទឹមនឹងនោះ លោក តាំង សុធារឹទ្ធ តំណាងក្រុមហ៊ុន ស៊ុនស៊ីមិចកូ ដែលជាដៃគូចែកចាយរបស់ផលិតផលសូនី ប្រចាំកម្ពុជា បានថ្លែងថា ក្រុមហ៊ុនស៊ុនស៊ីមិចកូ ជាក្រុមហ៊ុនដំបូង បាននាំយកផលិតផលសូនី មកលក់នៅកម្ពុជា តាំងពីសាខាមានតែ១ រហូតដល់ពង្រីកសាខារបស់ខ្លួនមាន១៧សាខា ក្នុងពេលបច្ចុប្បន្ន ក្នុងនោះ ១២សាខានៅភ្នំពេញ និង៥សាខាទៀតនៅតាមបណ្ដាខេត្ត ដូចជា ខេត្តព្រះសីហនុ សៀមរាប កំពត និងបាត់ដំបង។
សូមបញ្ជាក់ថា ក្រៅពីតាំងបង្ហាញទូរទស្សន៍ស៊េរីម៉ាស្ទ័រទាំងពីរនេះ A9F OLEDនិងZ9F LCD ក៏មានបង្ហាញផលិតផលថ្មីៗជាច្រើនទៀតផងដែរ៕