(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាប្រធានក្រុមការងារខេត្តចុះជួយ ស្រុកសង្គមថ្មី និងលោកក្រុមគ្រួសារ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ ក៍ដូចជាអភិបាលស្រុក មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃ២ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តតេជះរង្សីហៅវត្តបឹង ស្ថិតនៅក្នុងឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ក្នុងឱកាសនោះលោក សំ លាងទ្រី និងក្រុមការងារ ក៏ដូចជាពុទ្ធបរិស័ទបានគៀងគរប្រមូលបច្ច័យបានចំនួន១៦លានរៀល រួមជាមួយទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខប្រគេនដល់ព្រះសង្ឃ រាប់បាត បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងវិញ្ញាណវីរៈយុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិរហូតទទួលបានសុខសន្តិភាពដល់បច្ចុប្បន្ននេះ។
លោក សំ លាងទ្រី បានលើកឡើងថា ពិធីបុណ្យភ្ជុំបិណ្ឌនេះគឺជាពិធីបុណ្យជាតិប្រពៃណីខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋ គោរពប្រតិបត្តិតាមគន្លងនៃព្រះពុទ្ធសាសនា និងបានធ្វើឡើងជាយូរលង់មកហើយ ការធ្វើឡើងនៅពេលនេះក៏ដោយសារប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានគាំទ្រ និងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា បានធ្វើឱ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស ប្រជាជនខ្មែរគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការគោរពសាសនាតាមចំណង់ចិត្តរៀងៗខ្លួន ដែលខុសគ្នាពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលបានលុបបំបាត់វិស័យព្រះពុទ្ធសាសនា ធ្វើឱ្យប្រទេសកម្ពុជា ធ្លាក់ក្នុងភ្លើងសង្រ្គាមរងការវិនាសហិចហោចគ្រប់បែបយ៉ាង។
លោកសំ លាងទ្រីបានមានប្រសាសន៍បន្តថា ខេត្តព្រះវិហារបច្ចុប្បន្ននេះ មានការរីកចំរើនគ្រប់បែបយ៉ាងក្រោមការដឹកនាំរបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត ធ្វើឱ្យហេដ្ឋារចនាសម្ពន្ធ័នានារួមមាន ផ្លូវថ្នល់ សាលរៀន មន្ទីរពេទ្យ វត្តអារ៉ាមកើតឡើងយ៉ាងសំបូរបែប ក្នុងន័យចូលរួមជួយសម្រួលដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋ បើប្រៀបធៀបពេលមុន និងបច្ចុប្បន្ននេះ គឺមានការខុសគ្នាឆ្ងាយណាស់។ លោកក៏អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប បន្តការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងកាន់តែមានការអភិវឌ្ឍជាបន្តទៅទៀត ហើយមិនត្រូវជឿតាមការញុះញ៉ុងណាមួយ ដែលជាហេតុបង្ករឱ្យមានអស្ថេរភាពក្នុងសង្គមនោះទេ។
ជាមួយគ្នានេះផងដែរ លោកសំ លាងទ្រី និងក្រុមគ្រួសារក៏ដូចជាក្រុមការងារ ថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ បានរាប់បាត្រ និងបានជូនទ័យទានដល់លោកតា លោកយាយ ប្រជាពលរដ្ឋ មានថវិការ និងសម្ភារៈផងដែរ៕