(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខិតជិតមកដល់នេះ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ បានចុះពិនិត្យចំណីអាហារ និងបន្លែផ្លែឈើជាច្រើនមុខនៅផ្សារដេប៉ូ ក្នុងនោះ បានរកឃើញមីកំប៉ុង កាហ្វេ និងនំត្រីខូចគុណភាព និងសម្រេចដកហូតពីអាជីវករ ដើម្បីយកទៅកម្ទេចចោលភ្លាមៗផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅផ្សារនោះ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា ក្រុមការងាររបស់លោក បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារដេប៉ូចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់ នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ចែកចាយលើទីផ្សារ បានធ្វើតេស្តបឋម និងយកគំរូជាច្រើនមុខ ដែលសង្ស័យមានហានិភ័យខ្ពស់ ដូចជា សរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ ត្រីងៀត ត្រីហើម សាច់ក្រកបាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រ និងនំផ្សេងៗ បញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីហាមឃាត់។
ក្រោយពីដកហូតនូវទំនិញខូចគុណភាពទាំងនេះ លោក គង់ វុទ្ធី បានឲ្យអាជីវករចុះកិច្ចសន្យាឈប់ដាក់លក់នូវទំនិញខូចគុណភាព ដែលវាធ្វើឲ្យប៉ះពាល់ដល់ សុខភាព អ្នកបរិភោគ ហើយប្រសិនបើមានដាក់តាំងទៀត នឹងចាត់វិធានការតាមផ្លូវច្បាប់។
លោកក៏បានអំពាវនាវដល់អាជីវករអ្នកចែកចាយលក់ដុំលក់រាយ អ្នកផលិតនាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិន មុននឹងទទួលលក់ ហើយបញ្ជាក់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាដើម។
បើតាមលោក គង់ វុទ្ធី នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ គឺធ្វើឡើងតាមបទបញ្ជា លោកប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាព និងសុខភាពដល់ប្រជាពលរដ្ឋ ហើយនេះគឺបានធ្វើឡើងដូចភ្លៀងរលឹមយ៉ាងដូច្នេះដែរ៕