(ថៃ)៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ក្នុងនាមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំប្រមុខស្ថាប័ន អនុវត្តច្បាប់គ្រឿងញៀនលើកទី៤២ (42nd Meeting of the Heads of National Drug Law Enforcement Agencies) HONLEA ដែលរៀបចំឡើងដោយការិយាល័យត្រួតពិនិត្យគ្រឿងញៀន និងឧក្រឹដ្ឋកម្មសហប្រជាជាតិUNODC នៅទីក្រុងបាងកក ប្រទេសថៃ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានប្រាប់ពីគោលបំណង នៃកិច្ចប្រជុំគឺដើម្បីពិភាក្សានិងវាយតម្លៃពីនិន្នាការគំរាមកំហែងដោយសារការដាំដុះ ការផលិត ការចរាចរគ្រឿងញៀនធម្មជាតិ និងសំយោគ សារធាតុគីមីផ្សំ និងសារធាតុញៀនថ្មី ដែលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទរួមទាំងការប្រើបំពានគ្រឿងញៀននាពេលបច្ចុប្បន្ន។
ក្រៅពីនេះកិច្ចប្រជុំ ក៏នឹងពិភាក្សាគ្នាផងដែរពីការរៀបចំយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព សម្រាប់សមត្ថកិច្ចឈរជើងនៅតាមព្រំដែន ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀនកុំឲ្យចេញពីតំបន់ផលិត និងការត្រួតពិនិត្យសារធាំតុគីមីផ្សំកុំឲ្យមានការរត់ពន្ធចូលទៅដល់តំបន់ផលិត ដោយយកចិត្តទុកដាក់រួមគ្នា ក្នុងការកសាងផែនការយុទ្ធប្រយុទ្ធប្រឆាំងការជួញដូរ និងការបង្វែរសារធាតុគីមីផ្សំពី ជំនួញស្របច្បាប់ ទៅផលិតគ្រឿងញៀនខុសច្បាប់ ក៏ដូចជានិន្នាការថ្មីៗ នៃការលាងលុយកខ្វក់ ដែលបានមកពីជំនួញគ្រឿងញៀន និងហិរញ្ញប្បទានខុសច្បាប់។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានបន្ថែមថា កិច្ចប្រជុំនឹងពិភាក្សាផងដែរពីការដាក់ចេញនូវវិធានការដោះស្រាយ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ដែលរដ្ឋាភិបាលនៃបណ្តាប្រទេស ពាក់ព័ន្ធបាន និងកំពុងប្រឈ ក្នុងនោះកិច្ចសហប្រតិបត្តិជាអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងអង្គការចាត់តាំងក្រុមឧក្រិដ្ឋជនអន្តរជាតិ គឺជាវិធានការដ៏ចាំបាច់ និងមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះកម្ពុជា នឹងរួមចំណែកក្នុងការចែករំលែក និងផ្លាស់ប្តូរព័ត៌មានថ្មីៗពាក់ពន្ធ័ទៅនឹងនិន្នាការ នៃការចរាចរគ្រឿងញៀននាពេលបច្ចូប្បន្ន និងបានស្នើសុំឲ្យបណ្តាប្រទេសផ្តល់ជំនួយដៃគូ អភិវឌ្ឍន៍នានា និងអង្គការUNODC បន្តជួយគាំទ្រកម្ពុជាក្នុងបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀនជាបន្តទៀត។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេលបួនថ្ងៃពីថ្ងៃទី២-៥ ខែតុលា ឆ្នាំ២០១៨ នៅទីស្នាក់ការអង្គការសហប្រជាតិUNODCប្រចាំទីក្រុងបាងកក ប្រទេសថៃ ដែលមានការចូលរួមពីស្ថាប័ន អនុវត្តច្បាប់ គ្រឿងញៀន មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកចំនួន៣៦ប្រទេសចូលរួម៕