(ស្វាយរៀង)៖ ជាងសំណង់ចំនួន១៦នាក់ មកពីខេត្តព្រៃវែង និងខេត្តស្វាយរៀង បានចូលរួមនៅក្នុងការប្រកួតជុំជម្រុះថ្នាក់តំបន់ នៃកម្មវិធីប្រកួតជាងសំណង់ របស់ក្រុមហ៊ុន អេសស៊ីជី (SCG) កាលពីពេលថ្មីៗ ហើយក្នុងនោះជយលាភី ដែលជាប់វគ្គជម្រុះ មានសិទ្ធិចូលរួមការប្រកួតថ្នាក់ជាតិ ដែលនឹងរៀបចំនៅចុងឆ្នាំនេះ។
បេក្ខជនត្រូវបានបែងចែកជា៨ក្រុម ដែលមួយក្រុមមានគ្នាពីរនាក់ ដោយត្រូវប្រកួតលើផ្នែកបូកស៊ីម៉ង់ត៍។ ការប្រកួតនេះបានធ្វើឡើងនៅឯដេប៉ូសំណង់ អៀង ង៉ែត ដែលជាតំណាងចែកចាយ របស់ក្រុមហ៊ុន អេសស៊ីជី ប្រចាំខេត្តស្វាយរៀង។
លោកស្រី អៀង គឹមឡាយ តំណាង ដេប៉ូសំណង់ អៀង ង៉ែត បានថ្លែងថា «ខ្ញុំគិតថា ការរៀបចំឲ្យមានការប្រកួតជាងសំណង់នេះ គឺវាល្អមែនទែន ពីព្រោះកម្មវិធីនេះ បង្កើតឡើងដោយការសហការគ្នា រវាងក្រុមហ៊ុនអេសស៊ីជី និងក្រសួងការងារ ដើម្បីជួយពង្រឹងសមត្ថភាពរបស់ជាង នៅកម្ពុជា។ ហើយខ្ញុំគិតថា ពួកគាត់នឹងអាចរកប្រាក់ចំណូលបានច្រើនជាងមុន ដោយសារថ្វីដៃរបស់គាត់ហ្នឹង ហើយនិងទំនុកចិត្តរបស់ម្ចាស់ផ្ទះ»។
ការប្រកួតជាងសំណង់នេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ ផ្ដួចផ្ដើមដោយក្រុមហ៊ុន អេសស៊ីជី ដែលជាពហុសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដើម្បីផ្ដល់វគ្គបណ្ដុះបណ្ដាល ដល់ជាងសំណង់លើការងារបូកស៊ីម៉ង់ត៍ និងការងារប្រក់ដំបូល ដែលការបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅនៅឯវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពីរកន្លែងក្នុងរាជធានីភ្នំពេញ គឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញ កម្ពុជា-ថៃ (CTSDI)។
លោក ពង់ថាណា ដេវីតាយ៉ាផន (Pongdhana Dejvittayaporn) នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេសស៊ីជី បានថ្លែងថា «បន្ទាប់ពីបានសង្កេតឃើញ ការប្រកួតពីមួយលើកទៅមួយលើក យើងបានពិនិត្យឃើញថា ទឹកដៃ ល្បឿន និងគុណភាពការងាររបស់ជាងសំណង់ទាំងនេះ គឺប្រពៃខ្លាំងណាស់ ហើយនេះជាតឹកតាងបង្ហាញឲ្យឃើញ ពីលទ្ធផលវិជ្ជមាន ដែលកើតចេញពីវគ្គបណ្ដុះបណ្ដាលរបស់យើង។ ដោយសារតែជំនាញមានការកើនឡើងដូច្នេះ ខ្ញុំរំពឹងថា ជាងសំណង់ទាំងនេះ នឹងអាចរកប្រាក់ចំណូល បានកាន់តែច្រើនទៅថ្ងៃអនាគត»។
លោកបានបន្ថែមទៀតថា «ការរីកចម្រើននូវជំនាញរបស់ជាងសំណង់ គួបផ្សំនឹងផលិតផល និងសម្ភារសំណង់ថ្មីៗ ដែលកំពុងដាក់លក់នៅលើទីផ្សារបច្ចុប្បន្ន ពិសេសគឺផលិតផល និងសម្ភារសំណង់ ដែលមានគុណភាព ពី អេសស៊ីជី នឹងធានាបានថា បទដ្ឋាន និងគុណភាពសំណង់នៅក្នុងប្រទេសកម្ពុជានឹងបន្តកើនឡើងជាប់ជានិច្ច។
រាល់បេក្ខជន ដែលចូលរួមសុទ្ធតែទទួលបានវិញ្ញាបនប័ត្រ ពីកម្មវិធីបណ្ដុះបណ្ដាល ហើយក្រុមដែលទទួលជយជំនះ សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ ២លានរៀល និងបានចូលរួមក្នុងដំណើរទស្សនកិច្ចអប់រំទៅកាន់ប្រទេសថៃ ដែលរៀបចំដោយក្រុមហ៊ុនអេសស៊ីជីផងដែរ។ ជយលាភី ក្នុងការប្រកួតក្នុងខេត្តស្វាយរៀង គឺបានទៅក្រុមលោក ព្រំ ភ័ក្រ្ត និងលោកតេត គង់ ដែលមកពីខេត្តព្រៃវែង ។
លោកព្រំ ភ័ក្ត្រ បានឲ្យដឹងថា «ខ្ញុំមានអារម្មណ៍សប្បាយដោយសារ ក្រុមហ៊ុនអេសស៊ីជី បានផ្ដល់ជ័យជំនះឲ្យ។ ខ្ញុំគិតថា លំបាកដែរ ប៉ុន្តែ ថ្ងៃនេះខ្ញុំក៏បានខំប្រឹង ហើយក៏បានជ័យជំនះនៅក្នុងថ្ងៃនេះ។ ថ្ងៃខាងមុខ ខ្ញុំនឹងអាចយកឈ្នះនៅពេលប្រកួតជាមួយនឹងខេត្តផ្សេងៗទៀត ហើយការងាររបស់ខ្ញុំ នឹងលូតរីកចម្រើន ខ្ញុំនឹងអាចមានការងារ ធ្វើបន្តពីមួយកន្លែងទៅមួយកន្លែងបាន ហើយជួយឲ្យជីវភាពរបស់ខ្ញុំអាចធូរស្រាលជាងនេះទៅទៀត»។
អេសស៊ីជី បានបង្កើតកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់កម្ពុជា កាលពីខែកុម្ភៈ ឆ្នាំនេះ ដោយសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ផលិតផល និងសម្ភារសំណង់ថ្មីៗ ឲ្យបានត្រឹមត្រូវ។
បន្ថែមលើការប្រកួត និងការបណ្ដុះបណ្ដាលជាងសំណង់ ក្រុមហ៊ុនអេសស៊ីជី ក៏បានដាក់ឲ្យប្រើប្រាស់នូវសេវាកម្មផ្គូរផ្គងជាងសំណង់ ដែលជួយឲ្យម្ចាស់លំនៅឋាន និងម្ចាស់គម្រោងអាចស្វែងរកជាងសំណង់ បានកាន់តែងាយស្រួលជាងមុន តាមរយៈការទូរស័ព្ទទៅកាន់ការិយាល័យព័ត៌មានរបស់អេសស៊ីជី លេខ៖ ០៩៥-៩៩៩-៥០០ ឬចុះឈ្មោះនៅលើគេហទំព័ររបស់អេសស៊ីជី http://kh.scgbuildingmaterials.com/contractor-matching៕