Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន ជីប ម៉ុង និងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលជំនាញជាងសំណង់ ដើម្បីលើកកម្ពស់ជំនាញបច្ចេកទេស និងជំនាញទន់

02-10-2018 14:14

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន និងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) សហការគ្នាបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីជំនាញជាងសំណង ត្រូវបានបង្កើតឡើងសម្រាប់ជាង និងមេជាងសំណង់ នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ដើម្បីលើកកម្ពស់ជំនាញបច្ចេកទេស និងជំនាញទន់របស់ពួកគេ។

ជាង និងមេជាងសំណង់៣០នាក់ ដែលមានសមាជិកក្លឹបស៊ីម៉ង់ត៍អូដ្ឋ នៅរាជធានីភ្នំពេញ បានចាប់ផ្ដើមចូលរៀនវគ្គដំបូង ដែលមានរយៈពេល៤ខែ ចាប់ពីខែតុលា ឆ្នាំ២០១៨ រហូតទៅដល់ខែមករា ឆ្នាំ២០១៩។ ក្រោពីការចូលរៀនដោយឥតគិតថ្លៃ សិក្ខាមទាំងអស់ក៏បានទទួលបានការគាំទ្រផ្នែកថវិកា សម្រាប់ការចាយវាយប្រចាំថ្ងៃ និងការធ្វើដំណើរ។ ការសិក្សានេះ ប្រព្រឹត្តទៅនៅចុងសប្ដាហ៍ ហើយមានការអនុវត្តផ្លាស់នៅនឹងកន្លែងការងារពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនោះ លោក ទៀង សុភៈវិជ្ជា តំណាងឲ្យក្រុមហ៊ុន ជីប ម៉ុង បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ គឺស្របទៅនឹងគោលនយោបាយ របស់​រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ឲ្យមានកិច្ចសហការរវាងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលបង្កើនសមត្ថភាព និងជំនាញ។

លោកបានសង្កត់ធ្ងន់ថា «ពួកគេត្រូវតែអភិវឌ្ឍខ្លួនឲ្យស្រប ទៅតាមការវិវឌ្ឍនៃជំនាញបច្ចេកទេសសំណង់ ដែលកំពុងតែរីកចម្រើន និងមានតម្រូវការខ្ពស់។ ប្រសិនបើពួកគាត់មានជំនាញផ្នែកសំណង់ដែលប្រកបដោយស្ដង់ដា នោះពួកគេនឹងអាចសាងសង់លំនៅឋាន អគារ ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ប្របកដោយគុណភាព និរន្ដរភាព និងមោទនភាព»

ជំនាញដែលសិក្ខាកាមត្រូវរៀន ចែកចេញជាពីរ គឺជំនាញសំណង់ រួមមាន ជំនាញរៀបឥដ្ឋ ជំនាញបូកជញ្ជាំង លាយស៊ីម៉ង់ត៍ ការរៀបចំការដ្ឋាន និងជំនាញទន់ ដូចជាជំនាញទំនាក់ទំនង ដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម សុវត្ថិភាពនៅកន្លែងការងារ ការរៀបចំផែនការ ការគ្រប់គ្រងពេលវេលា និងថវិកាជាដើម។

បន្ថែមពីនេះ លោក មួង ផាស៊ី នាយរងសិក្សា នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរថា វិទ្យាស្ថានមានក្ដីរីករាយ និងសោមន្ស ដែលក្រុមហ៊ុនសហការជាមួយ ដើម្បីរៀបចំនូវវគ្គបណ្ដុះបណ្ដាលនេះឡើយ ដើម្បីបង្កើនចំណេះ និងជំនាញបន្ថែមទៀត។

ជាមួយគ្នានេះ លោក ខន ដារ៉ា អាយុ៣៧ឆ្នាំ ជាមេជាងម្នាក់មកពីខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានឲ្យដឹងថា លោកពិតជាសប្បាយចិត្តជាខ្លាំង ដែលក្រុមហ៊ុនបានជ្រើសរើសរូបលោកមកសិក្សាជំនាញនេះ។ លោកបន្ដថា លោកធ្វើជាជាង និងមេជាងកំបោរអស់រយៈពេល២០ឆ្នាំមកហើយ តែលោកមិនដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញជាងកំបោរនេះទេ។

លោកសង្កត់ធ្ងន់ថា «បន្ទាប់ពីរៀនចេះពីវគ្គនេះហើយ ខ្ញុំនឹងអាចបង្កើនសមត្ថភាពការងាររបស់ខ្ញុំ និងបន្ដបណ្ដុះបណ្ដាលកូនជាងរបស់ខ្ញុំជាង២០នាក់ផ្សេងទៀត ដើម្បីបង្កើនជំនាញ និងសមត្ថភាពរបស់ពួកគេក្នុងការងារជាងកំបោរនេះ»

សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន និងវិទ្យស្ថានពហុបច្ចេកទេសកម្ពុជា​ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលនេះ៣ដងក្នុងមួយឆ្នាំ ដែលសិក្ខាកាមនីមួយៗ ត្រូវចូលរៀនវគ្គទ្រីស្ដីនៅសាលា និងការអនុវត្ដផ្ទាល់នៅការដ្ឋាននានា។ សព្វថ្ងៃក្លឹបស៊ីម៉ងត៍អូដ្ឋ មានសមាជិកដែលជាជាង និងមេជាងសំណង់ចំនួន១,២០០នាក់ មកពីខេត្ត និងរាជធានីចំនួនដប់នៅប្រទេសកម្ពុជា៕​