(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការជាបន្ដបន្ទាប់ ដោយតាមបង្ក្រាបក្រុមជនសង្ស័យបានរហូតដល់៨នាក់ ដែលជាប់ព័ន្ធករណីឆក់កាបូបជនជាតិចិន នៅចំណុចមុខកាស៊ីណូ វិមានខ្សាច់ស ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីចុងខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខកាស៊ីណូ វិមានខ្សាច់ស ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានករណីអំពើលួច មានស្ថានទម្ងន់ទោស (ឆក់កាបូបជនជាតិចិន) មួយកើតឡើង។
ចំពោះករណីនេះ បង្កឡើងដោយជនសង្ស័យ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពឆក់កាបូបរបស់ជនជាតិចិន ដែលកំពុងដើរតាមផ្លូវ នៅចំណុចមុខកាស៊ីណូ វិមានខ្សាច់ស រួចជិះរត់គេចខ្លួនបាត់។ ជនរងគ្រោះឈ្មោះ WANG TAO ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ EE០៥០២៥៩០ ស្នាក់នៅក្រុមទី១៧ ភូមិ៤ សង្កាត់៤។ ដោយបាត់បង់រួមមាន កាបូបមួយ, លិខិតឆ្លងដែន ០១ច្បាប់, អត្តសញ្ញាណប័ណ្ណចិន ០១សន្លឹក, កាតធនាគារ ០៤សន្លឹក, កាបូបលុយតូចម៉ាក អិលវី ពណ៌ខ្មៅ ចំនួន០១ និងកាក់កាស៊ីណូចំនួន ១០០,០០០យាន់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ បន្ទាប់ពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងមូលដ្ឋាន បើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យ និងបក្ខពួកចំនួន០៨នាក់ វេលាម៉ោង០២៖៣០នាទីយប់ឈានចូល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ ឯក មាន អាយុ១៦ឆ្នាំ អ្នកបើកម៉ូតូ, ទី២៖ឈ្មោះ ស៊ុត គឹមស្រេង អាយុ១៩ឆ្នាំ អ្នកឆក់, ទី៣៖ឈ្មោះ យាន ច័ន្ទរក្សា អាយុ១៧ឆ្នាំ បក្ខពួកសមគំនិត, ទី៤៖ឈ្មោះ ចែម ភារម្យ អាយុ១៦ឆ្នាំ បក្ខពួកសមគំនិត, ទី៥៖ឈ្មោះ ដាវ វិចិត្រ អាយុ១៦ឆ្នាំ បក្ខពួកសមគំនិត, ទី៦៖ឈ្មោះ សេង សំណាង អាយុ១៦ឆ្នាំ បក្ខពួកសមគំនិត, ទី៧៖ឈ្មោះ ស៊ូ ង៉ែត អាយុ១៩ឆ្នាំ បក្ខពួកសមគំនិត និងទី៨៖ឈ្មោះ លី សេង អាយុ១៧ឆ្នាំ បក្ខពួកសមគំនិត។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន កាក់កាស៊ីណូ០៤, ទូរស័ព្ទដៃ០១គ្រឿង ម៉ាក HUAWEI ពណ៌ខ្មៅ, កាតធនាគារមួយ, ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE5 ពណ៌ខ្មៅ, ទូរស័ព្ទដៃ០១គ្រឿង ម៉ាក អិនចុចពិល ពណ៌ផ្ទៃមេឃ, ម៉ូតូ០១គ្រឿង ម៉ាក ហុងដា WINNER ពណ៌ស-ខៀវ គ្មានស្លាកលេខ មានលេខតួលេខម៉ាស៊ីន ១០៧៧៩២៦ (មធ្យោបាយធ្វើសកម្មភាព)។ បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕