(ប៉ៃលិន)៖ លោក ឈាង វុន ប្រធានគណៈកម្មការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរដ្ឋសភាកម្ពុជា បានសំណូមមពរដល់ភាគីថៃ ឲ្យបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាពលករខ្មែរ ឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ។
ការសំណូមពររបស់លោក ឈាង វុន បានធ្វើឡើងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅខេត្តប៉ៃលិន ក្នុងឱកាសលោក និងលោកស្រី បាន ស្រីមុំ អនុប្រធានគណៈកម្មការទី៥ បានដឹកនាំគណៈប្រតិភូជួបប្រជុំពិភាក្សាការងារ ជាមួយប្រតិភូថៃដែលដឹកនាំដោយ លោកស្រី Bilaibhan Sampatisari ប្រធានគណៈកម្មការការបរទេស នៃរដ្ឋសភាថៃ ដើម្បីរឹតចំណងមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរឡើង រវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរ។
លោក ឈាង វុន បានថ្លែងថា ប្រទេសទាំង២ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ប្រកបដោយមិត្តភាព រវាងសមាជិកសភា និងនៅតាមបណ្តោយព្រំដែនឱ្យកាន់តែល្អប្រសើរឡើង ដើម្បីបម្រើឱ្យផលប្រយោជន៍ប្រជាជន និងប្រទេសជាតិដោយស្មោះត្រង់ និងស្មើភាព។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យភាគីថៃ មេត្តាបន្តសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា៖ ការប្រើប្រាស់បណ្ណឆ្លងព្រំដែនថ្មី (Border Pass) បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើសឆ្លងដែននានា និងការនាំចេញកសិផល ព្រមទាំងការធ្វើពាណិជ្ជកម្មឆ្លងដែន រវាងប្រទេសទាំងពីរផងដែរ»។
ជាមួយគ្នានេះ លោកស្រី បាន ស្រីមុំ ក៏បានស្នើដល់ភាគីថៃជួយបង្កលក្ខណៈងាយស្រួល សម្រាប់ប្រជាពលរដ្ឋកម្ពុជា ឆ្លងដែនចេញទៅព្យាបាលជំងឺ ឬទៅទេសចរណ៍នៅក្នុងប្រទេសថៃ ជាពិសេស ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ និងធ្វើដំណើរឆ្លងដែនចេញចូល មកលេងស្រុកកំណើតក្នុងឱកាសបុណ្យទាននានា ឬមកចូលរួមការបោះឆ្នោតជាដើម។
ជាការឆ្លើយតបលោកស្រី Bilaibhan Sampatisari បានសន្យាខិតខំសហប្រតិបត្តិការ និងដោះស្រាយនូវរាល់សំណូមពរ របស់ភាគីកម្ពុជា ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួន ចំណែកបញ្ហា១ចំនួនទៀត។ លោកស្រីក៏បានសន្យាថានឹងពិភាក្សា ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ព្រមទាំងរាជរដ្ឋាភិបាលថៃ ដើម្បីរកលទ្ធភាព និងដំណោះស្រាយ ដើម្បីធ្វើការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើឡើង។
លោកស្រី Bilaibhan Sampatisari បានកោតសសើរដល់គណៈកម្មការទី៥ នៃរដ្ឋសភាកម្ពុជា និងអាជ្ញាធរនៅតាមព្រំដែន ដែលកន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅតាមបណ្តោយព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំង២ ដោយស្មើភាពនិងស្មោះត្រង់កន្លងមក។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលគណៈកម្មការជាន់ខ្ពស់សភាជាតិ នៃប្រទេសទាំង២ កម្ពុជា និងថៃ បានមកជួបប្រជុំពិភាក្សា នៅលើទឹកដីខេត្តប៉ៃលិន ដើម្បីរឹតចំណងមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរឡើង រវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំង២៕