(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ រាល់មុខទំនិញ និងម្ហូបអាហារ ដែលដាក់លក់ខូចគុណភាព និងហួសកាលបរិច្ឆេទដាក់លក់ នៅលើទីផ្សារនោះ មន្រ្ដីកាំកុងត្រូលសាខាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញនៅផ្សារកំពង់ធំ ក្នុងក្រុងស្ទឹងសែន ។
លោក លៀង សុភា ប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារខាងលើ រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារដែលបានពិនិត្យទាំងនោះឡើយ ។
លោកបានបានបន្តថា ក្រុមការងារបានរកឃើញទំនិញ ហួសកាលបរិច្ឆេទ ដូចជា៖
១- មីកំប៉ុង ម៉ាកSUESAT (៦៥g) ចំនួន១៥ កំប៉ុង (ថៃ)
២- ប្រហិតសាច់ជ្រុក ១kg ក្រុមហ៊ុនCP (ថៃ)
៣- ទឹកក្រូចម៉ាក Sprite ចំណុះ៣៩០ml ចំនួន២៤ដប (ខ្មែរ)
៤- ទឹកក្រូចម៉ាក COCACOLA ចំណុះ៣៩០ml ចំនួន២១ដប (ខ្មែរ)
៥- ទឹកក្រូចម៉ាក FANTA ចំណុះ១,៥ml ចំនួន២៧ដប (ខ្មែរ)
៦- ទឹកក្រូចម៉ាក BIG ចំណុះ ៣,១ ml ចំនួន ៦ដប ៩ខ្មែរ)
៧- តែម៉ាក ZENYA ចំណុះ៥០០ml ចំនួន១៣២ដប (ខ្មែរ)
៨- ទឹកផ្លៃឈើម៉ាក REFRESH ចំណុះ៣០០ ml ចំនួន៧២ដប ។
លោកប្រធានសាខា បានឲ្យដឹងថា ក្រោយពីរកឃើញទំនិញខូចគុណភាពទាំងអស់នោះ កម្លាំងរបស់លោក បានធ្វើកំណត់ហេតុ ដកហូត យកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនាពេលខាងមុខ។
លោកប្រធានសាខាក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ ដូរ និងទិញទំនិញម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាព អ្នកប្រើប្រាស់ ៕