(រតនគិរី)៖ អូរបឹងកន្សែងដែលតភ្ជាប់មាត់បឹងកន្សែង ជាតំបន់ទេសចរណ៍ដ៏ល្បីមួយ នៅក្រុងបានលុង ត្រូវបានបុគ្គលមួយចំនួនដឹកអាចម៌ដីចាក់លុបបំណងយកសម្បត្តិសាធារណៈរបស់រដ្ឋមួយនេះ ជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយសំអាងថា មានប្លង់ស្លាបមាន់កាលពីឆ្នាំ១៩៩៣។
ទន្ទឹមនឹងមានករណីនេះ កើតឡើងទាំងមន្រ្តីរាជការ និងប្រជាពលរដ្ឋ បានទទូចស្នើអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធមានវិធានការទប់ស្កាត់ជាបន្ទាន់។
ទាក់ទិញទៅនឹងសកម្មភាពបុគ្គលដឹកអាចម៌ដីចាក់លុបអូរកន្សែងនេះ ទាំងមន្ត្រីរាជការ និងប្រពលរដ្ឋនៅខេត្តរតនគិរី តាមរយៈភ្នាក់ងារព័ត៌មាន Fresh News បានលើកឡើងស្រដៀងគ្នាថា អាជ្ញាធរក្រុងបានលុងដេកលក់ និងមន្ទីរអង្គភាពពាក់ព័ន្ធមើលរំលង ចំពោះបុគ្គលរំលោភបំពាន តែពេលខ្លះគ្រឿងចក្រត្រូវបានដកចេញឈប់ធ្វើសកម្មភាព ព្រោះមានអ្នកយកព័ត៌មានមួយចំនួន ទៅថតរូបភាពដើម្បីផ្សព្វផ្សាយ។
ជាមួយគ្នានឹងសកម្មភាពខាងលើនេះដែរ លោក ប៊ី ជីវ័ន្តតារា ប្រធានភូមិបាលសូរិយោដីក្រុងបានលុង បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះថា ដីខាងលើនេះមានប្លង់ស្លាបមាន់តាំងពីឆ្នាំ១៩៩៣ តែលោកមិនបង្ហាញឈ្មោះនោះទេ ប៉ុន្តែមន្ត្រីលោកសហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់បឹងកន្សែង ឲ្យផ្អាកសកម្មភាពដោយបានណែនាំម្ចាស់ដី នៅព្រឹកថ្ងៃនេះរួចហើយ។
ចំណែកឯលោក ចាន់ ប៊ុនធឿន ប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានប្រាប់ឲ្យដឹងថា រូបគាត់អត់បានដឹងទេនូវសកម្មភាពដឹកអាចម៌ដីចាក់លុបអូរកន្សែងនោះ ព្រោះជាប់បេសកកម្មនៅភ្នំពេញ ប៉ុន្តែលោកថាទីនោះតភ្ជាប់ចរន្តទឹកបឹងកន្សែងទៅក្រុមហ៊ុនទឹកស្អាតតាយសេង សម្រាប់ចែកចាយប្រើប្រាស់តម្រូវការប្រជាពលរដ្ឋ ក្នុងក្រុងបានលុងទាំងអស់ផងដែរ។
មន្រ្តីសាលាខេត្តរតនគីរីបានលួចបង្ហើបថា ម្ចាស់ដីខាងលើនេះមានឈ្មោះ នុត ស៊ីនួន ហើយទីតាំងនោះបើគិតពីតម្លៃដីវិញគឺថ្លៃណាស់៕