(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៩នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀនដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ រួមជាមួយក្រាមពណ៌សថ្លា ០៨កញ្ចប់ (ប្រភេទម៉ាទឹកកក)។
ជនសង្ស័យទាំង០៩នាក់នេះ រួមមាន៖ ទី១៖ឈ្មោះ ផល សារៀម អាយុ១៨ឆ្នាំ, ទី២៖ឈ្មោះ ផល រ៉ាដូ អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ វណ្ណ គឹមលាប អាយុ១៨ឆ្នាំ, ទី៤៖ឈ្មោះ វ៉េន វ៉ង អាយុ២៩ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៤៖០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ទី៥៖ឈ្មោះ អ៊ាង កៃសេង អាយុ២៥ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋាន អាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លូនបានកាលពីវេលាម៉ោង១០៖០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៨៤ ផ្លូវ៣៥៧ ក្រុម២៦ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទី៦៖ឈ្មោះ ខន សុខឃីម អាយុ១៨ឆ្នាំ, ទី៧៖ឈ្មោះ ផា សុភ័ក្រ អាយុ១៩ឆ្នាំ, ទី៨៖ឈ្មោះ ចែវ វីរៈ អាយុ២៣ឆ្នាំ, ទី៩៖ឈ្មោះ សេង ណារ៉ូ អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លូនបានកាលពីវេលាម៉ោង០៤៖០០នាទី និងម៉ោង០៥៖៣០នាទី ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបុរីកម្ពុជា ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងចំណុចគល់ស្ពានឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
តាមវិធានការជំនាញ នៃការសាកសួរ របស់មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង០៩នាក់ រូបគេបានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន រួមនិងថ្នាំញៀន០៨កញ្ចប់ (ប្រភេទម៉ាទឹកកក) ក៏ពិតជារបស់ពួកគេដែរ ទើបសមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសពួកគេទាំង០៩នាក់ តាមនីតិវិធីច្បាប់ និងបទល្មើសជាក់ស្តែង៕