(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសបេក្ខភាពចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់អាស៊ាន (ASEAN Prize) ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមក្នុងការកសាងសហគមន៍អាស៊ាន ដែលការដាក់ និងទទួលពាក្យចូលរួមប្រកួតនេះ ធ្វើឡើងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។
បើតាមវែបសាយ ASEAN បេក្ខជនត្រូវផ្ញើពាក្យចូលរួមប្រកួតប្រជែងទៅកាន់អ៊ីម៉ែលរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា [email protected]។
សម្រាប់លក្ខខណ្ឌ បេក្ខជនចូលរួមត្រូវជាប្រជាពលរដ្ឋក្នុងប្រទេសអាស៊ាន ឬជាស្ថាប័ននៅក្នុងប្រទេសជាសមាជិកអាស៊ានណាមួយ។ បេក្ខភាពត្រូវបង្ហាញពីស្នាដៃនានា ដែលសម្រេចបានកាលពីចន្លោះខែមេសា ឆ្នាំ២០១៧ និងខែមីនា ឆ្នាំ២០១៨ ដែលអាចផ្ទៀតផ្ទាត់បានថាពិត ឬមិនពិត ទាក់ទិនក្នុងការលើកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាន។
សម្រាប់ការប្រកួត បេក្ខភាពត្រូវសរសេរទម្រង់បែបបទបរិយាយពីស្នាដៃរបស់ខ្លួន ទៅឲ្យគណៈកម្មាធិការវិនិច្ឆ័យ ដើម្បីសម្រេចថា តើស្នាដៃមួយណាល្អជាងគេ ហើយកម្មវិធីប្រកាស និងប្រគល់ពានរង្វាន់គ្រោងធ្វើឡើងអាចនៅក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ានលើកទី៣៣ នៅសិង្ហបុរី នាខែវិច្ឆិកា ឆ្នាំ២០១៨ ឬក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី។
នៅពេលដណ្ដើមបានជ័យលាភី បេក្ខជននឹងទទួលបានរង្វាន់លុយ ២០,០០០ដុល្លារ ហើយម្ចាស់ជ័យលាភីអាចនឹងត្រូវអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានមួយចំនួន។
បេក្ខភាពក៏គួរតែចែករំលែកពីផែនការនាពេលអនាគតរបស់ខ្លួន ក្នុងការបន្តកិច្ចប្រឹងប្រែងនេះទៅមុខទៀត ក្រោយពីទទួលពានរង្វាន់ផងដែរ។
កម្មវិធីនេះជាកម្មវិធីប្រកួតប្រជែងលើកដំបូង មិនធ្លាប់ធ្វើពីមុនមកឡើយ ហើយនឹងប្រព្រឹត្តទៅជារៀងរាល់ឆ្នាំតទៅមុខ។
ក្រសួងអប់រំបានបញ្ជាក់ថា ការប្រកាសជ្រើសរើសបេក្ខភាពចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់អាស៊ាននេះ ធ្វើឡើងតាមគំនិតផ្ដួចផ្ដើមរបស់ប្រទេសសិង្ហបុរីក្នុងនាមជាប្រធានអាស៊ាន ដែលបានស្នើឱ្យប្រទេសសមាជិកអាស៊ាននីមួយៗ ជ្រើសរើសបេក្ខភាព (បេក្ខជន/បេក្ខនារី ឬស្ថាប័ន) ដែលមានស្នាដៃឆ្នើម និងលេចធ្លោជាងគេ ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមក្នុងការកសាងសហគមន៍អាស៊ាន៕