(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាល រួមជាមួយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ បានបង្កើតឱ្យមានវេទិកា សំណេះសំណាលមួយ ក្រុមប្រធានបទ «ការអភិវឌ្ឍថ្មីៗជុំវិញការអនុវត្តកាតព្វកិច្ចក្រោមច្បាប់ស្តីពីការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា» ដែលវេទិកានេះធ្វើឡើងក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសណ្ឋាគារតារាអ៊ែរផត នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨។
លោក អ៉ិត សំហេង បានលើកឡើងថា ដើម្បីធានានិងលើកកម្ពស់លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិតឱ្យកាន់តែប្រសើរឡើង ស្របតាមការវិវឌ្ឍរបស់សេដ្ឋកិច្ច-សង្គម ការរៀបចំឱ្យមានប្រព័ន្ធរបបសន្តិសុខសង្គមមួយដ៏រឹងមាំ ដែលគ្របដណ្តប់គ្រប់ទិដ្ឋភាព គឺជាការចាំបាច់។
ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព គឺជាយន្តការពីរដែលត្រូវមានសង្គតិភាពនឹងគ្នា ដោយសារសុខភាពរបស់កម្មករនិយោជិតមិនអាចទទួលត្រឹមតែការគាំពារផ្នែកជំងឺ ឬគ្រោះថ្នាក់ដែលបណ្តាលមកពីការងារប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការគាំពារចំពោះជំងឺ ឬគ្រោះថ្នាក់ទូទៅដែលមិនមានពាក់ព័ន្ធនឹងការងារផងដែរ។ ភាពផ្សារភ្ជាប់នៃការអនុវត្តរបបសន្តិសុខសង្គមទាំងពីរផ្នែកនេះ ជាទំនាក់ទំនងដែលមានឥទ្ធិពលទៅវិញទៅមក និងផ្តល់នូវភាពពេញលេញក្នុងការគាំពារសុខភាពកម្មករនិយោជិត។ ផ្នែកនេះបាននិងកំពុងចូលរួមចំណែកលើកកម្ពស់សុខភាពកម្មករនិយោជិត និងផ្តល់ការបង្ការជំងឺទូទៅ។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥» ដែលមានលក្ខណៈទូលំទូលាយដោយផ្តោតលើសសរស្តម្ភពីរ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។ ក្របខណ្ឌគោលនយោបាយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលទ្ធភាពទទួលបានសេវាជំនួយសង្គម និងសន្តិសុខសង្គម សម្រាប់មន្រ្តីសាធារណៈ និងវិស័យឯកជន ព្រមទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ដើម្បីធានាបានការអនុវត្តតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ប្រកបដោយប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនឹងដាក់ឱ្យជូនរដ្ឋសភាអនុម័ត នៅចុងឆ្នាំ២០១៨ ក្នុងគោលបំណងដាក់ពង្រីកវិសាលភាពនៃរបបសន្តិសុខសង្គម។ ដូចគ្នាដែររាជរដ្ឋាភិបាលក៏បាននិងកំពុងរៀបចំដាក់ឱ្យដំណើរការរបបសន្តិសុខ សង្គមផ្នែកសង្គម ផ្នែសោធននិវត្តន៍ សម្រាប់វិស័យឯកជន នៅក្នុងឆ្នាំ២០១៩។
ទាំងនេះ គឺជាសមិទ្ធផលដ៏ជោគជ័យនៅក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាល ស្របពេលដែលបញ្ហាប្រឈមមួយចំនួន នៅតែត្រូវបានបន្តការយកចិត្តទុកដាក់ដោះស្រាយ នៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល តាមរយៈការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព៖ កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ សមិទ្ធផលដូចដែលបានជម្រាបជូនខាងលើ មិនអាចសម្រេចបាននោះទេ ប្រសិនបើមិនមានកិច្ចសហការជាវិជ្ជមាន និងការចូលរួមពីវិស័យឯកជន អង្គការវិជ្ជាជីវៈ និងដៃគូអភិវឌ្ឍន៍នានារបស់កម្ពុជា។
លោកបានស្នើសុំការបន្តសហការឱ្យកាន់តែជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តសម្រេចបាននូវ៖
១-ការលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ តាមរយៈការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរមា ក៏ដូចជាអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
២-ការពង្រឹងប្រព័ន្ធនិងយន្តការអធិការកិច្ចការងារតែមួយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងតម្លាភាព។
៣-ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក ព្រមទាំងបង្កើនប្រសិទ្ធភាពវិធានការការពារ ទប់ស្កាត់កូដកម្ម បាតុកម្ម និងដោះស្រាយវិវាទដោយសន្តិវិធី និងស្របតាមនីតិវិធីច្បាប់ជាធរមាន ដោយទប់ស្កាត់ឱ្យបានដាច់ខាតនូវការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ និងការប្រើអំពើហិង្សា ដែលបណ្តាលឱ្យបាត់បង់ផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងសង្គមជាតិ។
៤-ការពង្រឹងពង្រីកសេរីភាពសហជីព អង្គការវិជ្ជាជីវៈ និងទប់ស្កាត់ការរើសអើងចំពោះ សហជីព ទប់ស្កាត់ការអនុវត្តសកម្មភាពខុសច្បាប់របស់សហជីព ដែលមិនបម្រើផលប្រយោជន៍រួម និងពិតប្រាកដរបស់កម្មករនិយោជិត។
៥-ការពង្រឹងឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធការពារសុខភាព និងសុវត្ថិភាពការងារ ជាពិសេសយកចិត្តទុកដាក់លើបរិស្ថាន អនាម័យ អាហារូបត្ថម្ភ សេវាការពារពិនិត្យសុខភាព និងការទប់ស្កាត់ជំងឺឆ្លង សុវត្ថិភាពអគ្គីភ័យ និងសំណង់ ព្រមទាំងទប់ស្កាត់ការធ្វើការបន្ថែមម៉ោងលើសច្បាប់កំណត់ គ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ក្នុងការដឹកជញ្ជូនកម្មករនិយោជិត ដោយអនុវត្តនូវទិសស្លោក «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» និងជំរុញយុទ្ធនាការគ្រោះថ្នាក់ការងារកម្រិតសូន្យ។
៦-ការកំណត់ប្រាក់ឈ្នួលអប្បបរមា ដោយប្រើប្រាស់តាមយន្តការដែលបានឯកភាព និងកំណត់នៅក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
៧-ការពង្រឹងប្រសិទ្ធភាពនៃយន្តការគ្រប់គ្រងពលករបរទេសនៅកម្ពុជា និងផ្តល់សេវាគាំពារ និងការពារសិទ្ធិពលករកម្ពុជានៅបរទេស ព្រមទាំងទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់ទាំងប្រថុយប្រថាន ដោយចាត់វិធានការម៉ឺងម៉ាត់ចំពោះជនជាមេខ្យល់ ដែលប្រើឧបាយកលអូសទាញ ឬបោកបញ្ឆោតប្រជាពលរដ្ឋ។
៨-ការអនុវត្តឱ្យបានជោគជ័យនូវទិសដៅអាទិភាព ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការ លើកកម្ពស់វិស័យអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដោះស្រាយឱ្យបានល្អនូវតម្រូវការនៃទីផ្សារការងារក្នុងប្រទេស។
៩-ការអនុវត្តរបបសន្តិសុខសង្គម សម្រាប់កម្មករនិយោជិតទូទៅ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕