(ពោធិ៍សាត់)៖ បុរសល្មោភកាមម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយទទួលពាក្យបណ្តឹងពីក្រុមគ្រួសារនារីរងគ្រោះករណីរំលោភសេពសន្ថវៈ និងប្រទូស្តកេរ្តិ៍ ទៅលើកូនស្រីចុងរបស់ខ្លួន។
លោក ឯម រុន អធិការរងនគរបាលស្រុកក្រគរ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ករណីបុរសជាឪពុករំលោភកូនចុងរបស់ខ្លួននេះ បានកើតឡើងកាលពីវេលា ម៉ោង០២៖២០នាទីរសៀលនាថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចចំការល្ង ឯភ្នំខ្នងចេកស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរខេត្តពោធិ៍សាត់។
ជនសង្ស័យមានឈ្មោះ ចេន អង់ អាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ (ឪពុកចុង) បានចាប់ឱប និងបៀតបៀនកេរ្តិ៍ភេទ ទៅលើកូនស្រីចុងរបស់ខ្លួន ឈ្មោះ ទ.ស.ណ អាយុ១៧ឆ្នាំ ដែលមានម្តាយឈ្មោះសាញ់ គឹមហៀង អាយុ៣៨ឆ្នាំ មានកូនស្រី០៥នាក់ កូនប្ដី០១នាក់។ទាំងជនសង្ស័យ និងគ្រួសារជនរងគ្រោះរស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
តាមសម្តីរបស់នារីរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុខាងលើ វេលាម៉ោង១៖០០នាទីរសៀល ឪពុកចុងរបស់ខ្លូនឈ្មោះ ចេន អង់ បានបបួលខ្លួនទៅមើលចំការល្ង ឯភ្នំខ្នងចេក ដោយជិះម៉ូតូតែពីរនាក់ ពេលទៅដល់គាត់មិនបានមើលចំការទេដោយនាំខ្លួនឡើង ទៅលើភ្នំថា ទៅរកថ្នាំហើយចុះមកដល់ជើងភ្នំ ក៏នាំគ្នាផឹកទឹកអូរពេលនោះ ឪពុកចុងបានចាប់ខ្លួនរំលោភបានសម្រេច១ដង ទោះខ្លួនស្រែកអង្វរ យ៉ាងណាក៏ដោយ ពេលរំលោភរួចគាត់បានដឹកខ្លួនមកផ្ទះហើយឱ្យលុយចំនួន៣ម៉ឺនរៀលកុំឱ្យនិយាយប្រាប់ម្តាយ និងសាច់ញាតិ។
ក្រោយការចាប់ឃាតខ្លួន នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានឆ្លើយសារភាពថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទី ខ្លួនបានទៅមើលចំការនៅចំណុចខ្នងចេកជាមួយកូនចុងឈ្មោះ ទ.ស.ណ ដោយជិះម៉ូតូ ពេលទៅដល់ខាងលិចចំការរបស់ខ្លួន ចម្ងាយ១០០ម៉ែត្រខ្លួនបានចាប់ឈ្មោះទ.ស.ណឱបថើបតែមិនបានរំលោភទេ៕