(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានជម្រុញឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបំពេញភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក អ៊ុន ចាន់ដា បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោករួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយជាសម្ភារ ថវិកាយកទៅប្រគល់ជូនដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងនាំអំណោយកាកបាទក្រហមកម្ពុជា ចែកជូនអ្នកជម្ងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា និងបានផ្តល់អំណោយជូនដល់កុមារកំព្រាផងដែរ។
លោក អ៊ុន ចាន់ដា បានថ្លែងថា ជារៀងរាល់ឆ្នាំពោលគឺថ្ងៃភ្ជុំបិណ្ឌ និងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តព្រះវិហារ តែងបានយកចិត្តទុកដាក់ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយជាសម្ភារ ថវិកាយកទៅប្រគល់ជូនដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងនាំអំណោយកាកបាទក្រហមកម្ពុជា ចែកជូនអ្នកជម្ងឺកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា និងបានផ្តល់អំណោយជូនដល់កុមារកំព្រាផងដែរ។
លោកបន្តថា «នេះជាសិល្បនៃការចែករំលែក ក្នុងន័យផ្សារភ្ជាប់មនោសញ្ចេតនា ក៏ដូចជា ការដឹងគុណចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងបុព្វហេតុការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រទេសជាតិ ក៏ដូចជា ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ»។
លោកក៏បានជម្រុញឱ្យកងកម្លាំងប្រដាប់អាវុធ ត្រូវខិតខំបន្ថែមទៀតក្នុងការអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពិសេសេត្រូវរួមសាមគ្គីភាពជាធ្លុងមួយនៅក្នុងអង្គភាពរបស់ខ្លួនឱ្យបានល្អប្រសើរ។
នៅក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានប្រគល់ថវិការចំនួន៨លានរៀល មី២០កេស ទឹកក្រូច២០កេស និងទឹកសុទ្ធ២០០យួរដល់ស្នងការដ្ឋាននគរបាលខេត្ត ហើយក៏បន្តចុះសួរ សុខទុក្ខ និងនាំអំណោយកាកបាទក្រហមកម្ពុជា ជូនអ្នកជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា និងចុះសួរសុខទុកចែកអំណោយដល់ប្អូនៗកុមារកំព្រា នៅក្នុងមជ្ឈមណ្ឌុលកុមារកំព្រាខេត្តផងដែរ៕