(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ បានកាន់បិណ្ឌវេនទី៧ នៅវត្តឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក សុខ លូ បានលើកឡើងថា ពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យជាតិប្រពៃណីខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋ គោរពប្រតិបត្តិតាមគន្លង នៃព្រះពុទ្ធសាសនាមកតៗគ្នាជាយូរលង់មកហើយ នេះក៏ដោយសារប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានគាំទ្រ និងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា បានធ្វើឱ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស ប្រជាជនខ្មែរគ្រប់រូបមានសិទ្ធសេរីភាព ក្នុងការគោរពសាសនា គ្រប់ពេលវេលា ដែលវាខុសគ្នាពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលបានលុបបំបាត់វិស័យព្រះពុទ្ធសាសនា ធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាម។
ក្នុងឱកាសនោះលោក ក៏បាននាំយកបច្ច័យមួយចំនួន រួមជាមួយទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខប្រគេនដល់ព្រះសង្ឃ រាប់បាត បង្សុកូល ឧទ្ទិសផល្លាអានិសង្ឃ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងវិញ្ញាណក្ខន្ធឥស្សរជន វីរៈយុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ។
យោងតាមគណៈកម្មាការអាចារ្យវត្ត បានឱ្យដឹងថា ជារៀងរាល់ឆ្នាំសំរាប់វត្តឥន្ទ្រីសំវរៈនេះ គឺមានពុទ្ធបរិសទ័យ៉ាងច្រើនកុះករ អញ្ជើញមកកាន់បិណ្ឌនៅទីអារាមនេះដោយបាននាំយកចង្ហាន់ និងទេយ្យវត្ថុផ្សេងៗមកប្រកគេនព្រះសង្ឃ បំពេញកុសល្យផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕