(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក មីឆៀល វ៉លធើ មីឆាឡាក់ (Michael Walter Michalak) អនុប្រធានជាន់ខ្ពស់ និងជាប្រធានគ្រប់គ្រងក្នុងតំបន់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះ លោក មីឆាឡាក់ បានជម្រាបជូនសម្តេចតេជោថា ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន មានទិសដៅធ្វើយ៉ាងណាលើកស្ទួយ ទំនាក់ទំនងរយៈពេលវែង ខាងវិស័យសេដ្ឋកិច្ចជាមួយនឹងកម្ពុជា។ ការមកបំពេញទស្សនៈកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីពិភាក្សារកនូវចំណុចរួម ដើម្បីជាផលប្រយោជន៍រួម ទាំងអ្នកវិនិយោគកម្ពុជា អ្នកវិនិយោគអាស៊ាន និងអាមេរិក ក៏ដូចជា ការអភិវឌ្ឍរបស់កម្ពុជាផងដែរ។ លោកបានជម្រាបជូនសម្តេចតេជោដែរថា កិច្ចពិភាក្សានេះ គឺផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច បញ្ហាថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌ ក៏ដូចជាវិស័យកសិកម្មផងដែរ។ នេះបើតាមការអះអាងរបស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន។
ពាក់ព័ន្ធនឹងវិស័យកសិកម្មនៅកម្ពុជា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា វីលែម ហែដត៍ ដែលបានចូលរួមក្នុងជំនួបនេះដែរ បានគោរពជម្រាបជូន សម្តេចតេជោថា នៅពេលនេះគឺមានក្រុមហ៊ុនកសិកម្មសហរដ្ឋអាមេរិក ប្រមាណ៦ទៅ១០ក្រុមហ៊ុន ដែលបានមក និងកំពុងពិភាក្សាស្វែងរកឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការ នៅកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងជម្រាបជូនប្រតិភូទាំងមូលថា បញ្ហាកសិកម្ម គឺជាបញ្ហាគន្លឹះ ដែលមិនអាចមើលរំលងបាន។ ពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា គឺបណ្តាលឲ្យមានទឹកជំនន់ និងមានភ្លៀងខុសរដូវ និងបង្កើតជាបញ្ហាមិនត្រឹមតែនៅកម្ពុជាទេ គឺនៅទូទាំងពិភពលោកតែម្តង។
សម្តេចតេជោបានបន្តថា ពូជស្រូវ ពូជដំណាំ ដែលធ្លាប់តែត្រូវនឹងកំដៅ ដែលធ្លាប់មានកន្លងមក នៅពេលនេះគឺត្រូវចាំបាច់ពិនិត្យឡើងវិញ ដោយសារការកកើនឡើងនៃកំដៅ។ ក្នុងន័យនេះ សម្តេចបានលើកឡើងថា សហរដ្ឋអាមេរិក ពិតជាមានបច្ចេកទេស ហើយសូមឲ្យអ្នកវិនិយោគ ពិនិត្យពិចារណាយកបច្ចេកទេសទាំងនេះ មកប្រើប្រាស់នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ផងដែរ។
ពីនោះទៅទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឲ្យក្រុមហ៊ុនពិនិត្យមើលទៅលើ ការវិនិយោគទៅលើការកែឆ្នៃ ផលិតផលកសិកម្មកម្ពុជា ឲ្យទៅជាផលិតផលពាក់កណ្តាលសម្រេច ឬក៏ផលិតផលសម្រេចដែលអាចបម្រើទៅដល់ទីផ្សារ ទាំងក្នុងស្រុកផង និងក្រៅស្រុកផង។
សម្តេចតេជោ បានផ្តោតសេចក្តីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងចូលរួមយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាអាកាសធាតុ ពាក់ព័ន្ធនឹងបញ្ហាវិនិយោគដទៃទៀត ដូចជាបញ្ហាសេដ្ឋកិច្ច ថាមពល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងវប្បធម៌ជាដើម សម្តេចបានណែនាំឲ្យប្រតិភូទាំងនោះ ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ ហើយក្នុងករណីមិនអាចដោះស្រាយបាន សូមលើកបញ្ហាទាំងនោះ មកជូនសម្តេចតែម្តង៕