(ចិន)៖ កសិករនៅតំបន់ ចុងឈីង (Chongqing) ភាកនិរតីប្រទេសចិន កំពុងមមាញឹកប្រមូលផលទំពាំង ដែលដុះនៅតាមជម្រាលភ្នំកម្ពស់២៥០០ម៉ែត។ព្រៃឬស្សីនៅទីនេះ ដុះនៅលើដី នៅរយៈកម្ពស់ពី១៤០០ម៉ែត ទៅ២៥០០ម៉ែត ពីកម្ពស់ទឹកសមុទ្រ នៅលើភ្នំ ជីនហ្វ៉រ (Jinfo) ហើយកសិករនៅទីនេះ ត្រូវតែប្រញាប់ប្រមូលផលទំពាំងខ្ចីៗ មុនពេលវាប្រែជារឹងខ្លាំង។
កសិករត្រូវប្រថុយគ្រោះថ្នាក់ នៅពេលតោងឡើងភ្នំតាមជណ្តើរឈើប្រវែង១០០ម៉ែត ដែលមានអាយុ១០០ឆ្នាំទៅហើយ ហើយជាធម្មតា ពួកគាត់តែងជូបប្រទះនឹងកាំជណ្តើរខ្លះៗដែលត្រូវជួសជុល ពេលកំពុងតោងឡើងនោះ។
កិច្ចការនេះ គឺជារឿងងាយៗប៉ុណ្ណោះសម្រាប់ពួកគាត់។ ក្រោយពេលឡើងភ្នំរួច កសិករត្រូវដើរតាមចំហៀងភ្នំចម្ងាយ១គីឡូម៉ែត នៅលើគន្លងផ្លូវដែលមានទំហំទទឹង មិនដល់១ម៉ែតផង។
ក្រោយពីចំណាយពេល៤ម៉ោង ដើម្បីឡើងភ្នំនិងដើរលើភ្នំ កសិករក៏មកដល់ទំពាំងថ្មីៗដែលជា «កំណប់ទ្រព្យ»។
លោក ចូវ សៀនជីន ជាកសិករមួយរូបនិយាយថា «នោះហើយ ជាកំណប់ទ្រព្យដែលយើងតាមរក។ ទំពាំងនេះ រីកធំល្មមហើយ ប៉ុន្តែយើងមិនដកវាទេ ដោយសារវាជាទំពាំងមេ»។
លោក ចូវ ពន្យល់ថាទំពាំងមេ ត្រូវទុកឱ្យដុះបន្តទៀត ដើម្បីឱ្យគេអាចប្រមូលទំពាំងថ្មីៗបានច្រើន នៅឆ្នាំក្រោយៗ។
លោក ចូវ សៀនជីន និយាយទៀតថា «នេះគឺជាឬស្សីមេ ដែលយើងបានទុកតាំងពីឆ្នាំមុន។ ឯឬស្សីនេះវិញ គឺនៅសល់តាំងពី២ឆ្នាំមុនម្ល៉េះ។ ឆ្នាំក្រោយ យើងអាចកាត់វាបានហើយ។ ឬស្សីដែលចាស់ដែលមានអាយុពី៣ទៅ៤ឆ្នាំ គួរតែដកចេញទៅ ដោយសារឬសរបស់វាប្រែជាពុកផុយអស់ទៅហើយ។ ម្យ៉ាងទៀត វាក៏លែងបណ្តុះទំពាំងថ្មីៗទៀតដែរ»។
ទំពាំងដែលបានដករួច អាចនៅស្រស់ល្អ បានតែ១សប្តាហ៍ប៉ុណ្ណោះ។ ដូច្នេះកសិករបានធ្វើខ្ទមតូចមួយនៅលើភ្នំ សម្រាប់សម្ងួតឬស្សី ក្រោយពេលដកវាចេញពីដី ភ្លាមៗតែម្តង។ ទំពាំងដែលហាលស្ងួត អាចលក់បានក្នុងតម្លៃប្រហែល២.៥ដុល្លារ ក្នុង១គីឡូក្រាម ហើយគេប្រមូលផលទំពាំងបានប្រហែល១ម៉ឺន៥ពាន់តោនក្នុងមួយឆ្នាំ ពីភ្នំ ជីនហ្វ៉រ៕ (សារព័ត៌មាន CCTV របស់ចិន)