(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជំរុញឱ្យនាទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវពង្រឹងគោលជំហរ ឱ្យបានរឹងមាំដោយគោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានយ៉ាងភ្ជាប់ភ្ជួន ដើម្បីពង្រឹងកិច្ចការពារបូរណភាពទឹកដីនៃកម្ពុជា កុំឱ្យខ្មាំងសត្រូវចូលឈ្លានពានបានជាដាច់ខាត ជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានល្អ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ ខណៈដឹកនាំគណៈប្រតិភូសម្ព័ន្ធមេត្រីភាព រួមដំណើរដោយលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងតំណាងក្រុមហ៊ុនសណ្ឋាគារឯករាជ្យ បានអញ្ជើញចុះសាកសួរសុខទុក្ខព្រមទាំងនាំយកអំណោយ ទៅឧបត្ថម្ភជូនដល់ពលទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកងការពារព្រំដែន គោកលេខ៥០៤ ស្ថិតក្នុងភូមិសាស្ត្រស្រែម្អម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងយ៉ាងដូច្នេះថា៖ «ដូច្នេះដើម្បីឆ្លើយតបទៅនឹងសណ្តានចិត្ត និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ពលទាហាន និងនាយទាហានទាំងអស់ត្រូវ ពង្រឹងគោលជំហរឱ្យបានរឹងមាំដោយគោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានយ៉ាងភ្ជាប់ភ្ជួន ដើម្បីពង្រឹងកិច្ចការពារបូរណភាពទឹកដី កុំឱ្យខ្មាំងសត្រូវចូលឈ្លានពានបានជាដាច់ខាត ជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានល្អ»។
នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅ ដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារព្រំដែនគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ កងកម្លាំងការពារព្រំដែន ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ឱ្យបានល្អថែមទៀត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមព្រំដែន ធ្វើយ៉ាងណាឱ្យព្រំដែនមួយមានសន្តិភាព និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។
ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការកងការពារព្រំដែនលេខ៥០៤ បានថ្លែងអំណរគុណដល់គណៈប្រតិភូរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលតែងតែយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់កម្លាំងកងការពារព្រំដែនគោក៥០៤ ជាបន្តបន្ទាប់ រយៈពេល៨ឆ្នាំមកហើយ នេះជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការអនុវត្តភារកិច្ចតួនាទីរបស់ខ្លួន ដើម្បីកិច្ចការពារបូរណភាពទឹកដី ឱ្យបានរឹងមាំនៅតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើផងដែរ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះគណៈប្រតិភូក៏បានឧបត្ថម្ភ ជូនដល់អង្គភាពកងការពារព្រំដែនលេខ៥០៤ រួមមាន៖ អង្ករ៥តោនទឹកត្រី១០០យួ ទឹកស៊ីអ៊ីវ១០០យួ, ឆាយប៉ូវ ១០០គីឡូក្រាម, ប្រហុក ១០០គីឡូក្រាម, ត្រីងៀត ១០០គីឡូក្រាម, សៀង ១០០គីឡូក្រាម, មីយើង ១០០កេះ និងជូនថវិកាដល់អង្គភាព សម្រាប់ទិញសង្ក័សី និងខ្សែរភ្លើង ចំនួន ១,៥០០ដុល្លារ ព្រមទាំងឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហានចំនួន ២៤២នាក់ ក្នុងម្នាក់ៗចំនួន ៨ម៉ឺនរៀលផងដែរ៕