(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើមន្ត្រីការទូតអង់គ្លេស ពិនិត្យលទ្ធភាពផ្តល់អាហាររូបករណ៍ថែមទៀត ដល់និស្សិតកម្ពុជា ពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, និងគណិតវិទ្យា (S.T.E.M) ដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពរបស់កម្ពុជា សម្រាប់គាំទ្រការធ្វើបដិវត្តន៍ឧស្សាហកម្មទី៤ និងការធ្វើដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល នាពេលអនាគត។
លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អែដ វៃហ្ស៊ី (Edward Vaizey) ប្រមុខពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស និងលោកស្រី ធីណា រ៉េដស (Tina Redshaw) ឯកអគ្គរាជទូតថ្មីរបស់ចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសារៈសំខាន់ នៃការកសាងធនធានមនុស្ស ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច និងបដិវត្តន៍ឧស្សាហកម្មទី៤ ព្រមទាំងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងការបន្តកំណែទម្រង់គ្រប់វិស័យ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលទើបត្រូវបានអនុម័តកាលពីថ្មីៗនេះ ដើម្បីធានាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយសមធម៌ និងចីរភាព។
លោករដ្ឋមន្ត្រី បានជម្រាបជូនបេសកជនទាំងពីរ អំពីស្ថិរភាពនយោបាយ, វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ច, ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជា, អត្ថប្រយោជន៍នៃតំបន់សេដ្ឋកិច្ចពិសេស និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។
លើសពីនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ សមាគមបាល់ទាត់អង់គ្លេស (FA) ដែលបានប្រើប្រាស់ឯកសណ្ឋានម៉ាក Marks & Spencer ផលិតនៅកម្ពុជា សម្រាប់ក្រុមកីឡាករចូលរួមប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ 2018 នាពេលកន្លងមក។
ជាការឆ្លើយតប លោក អែដ វៃហ្ស៊ី (Edward Vaizey) បេសកជនពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស និងលោកស្រី ធីណា រ៉េដស (Tina Redshaw) ឯកអគ្គរាជទូតថ្មី នៃចក្រភពអង់គ្លេសប្រចាំកម្ពុជា បានសន្យានឹងខិតខំស្វែងរកអាហារូបករណ៍បន្ថែមទៀត សម្រាប់និស្សិតកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស សំដៅជំរុញការធ្វើបដិវត្តន៍ឧស្សាហកម្មទី៤ និងការបោះជំហានឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
ទន្ទឹមគ្នានោះដែរ មន្ត្រីការទូតទាំងពីរ បានកោតសរសើរអំពីវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធ និងស្ថិរភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងកិច្ចសហការល្អ របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ដែលបានជំរុញឲ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគថ្មីនៅក្នុងតំបន់។
បេសកជនទាំងពីរ បានបន្ថែមទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនសំណង់អង់គ្លេសជាច្រើន កំពុងស្វែងរកឱកាសចូលមកទីផ្សារកម្ពុជា ដើម្បីនាំយកបច្ចេកវិទ្យាទំនើបៗ និងជំនាញផ្នែកស្ថាបត្យកម្មថ្មីៗ សម្រាប់បម្រើការអភិវឌ្ឍវិស័យសំណង់ ដែលកំពុងមានការលូតលាស់ខ្លាំងនៅក្នុងប្រទេសកម្ពុជា៕