(ចិន)៖ នៅពេលដែលអ្នកវិនិយោគនៅក្នុងស្រុក កំពុងដកថយចេញពីផ្សារហ៊ុនជាច្រើនក្នុងប្រទេសចិននាអំឡុងពេលដែលផ្សារហ៊ុនចិនកំពុងធ្លាក់ចុះ វិនិយោគិនបរទេសកំពុងបោះទុនកាន់តែច្រើនឡើងៗ មកក្នុងផ្សារហ៊ុនចិន នៅពេលដែលតម្លៃហ៊ុនកំពុងចុះថោក។
ចំណែកភាគហ៊ុនដែលកាន់កាប់ ដោយវិនិយោគិនបរទេស បានកើនឡើងយ៉ាងខ្លាំងនាឆ្នាំនេះ មកដល់ចំនួន៦ភាគរយ ហើយគេរំពឹងថាវានឹងកើនឡើងជាងនេះទៀត នៅពីរបីខែខាងមុខនេះ។
បច្ចុប្បន្ន វិនិយោគិនបរទេស កាន់កាប់ភាគហ៊ុនលំដាប់ A ច្រើនស្មើនឹងចំនួនភាគហ៊ុន ដែលកាន់កាប់ដោយក្រុមហ៊ុនធានារ៉ាប់រងចិននានាទៅហើយ។ ឆាប់ៗនេះ ភាគហ៊ុនដែលវិនិយោគិនបរទេសកាន់កាប់ នឹងមានចំនួនស្មើនឹងចំនួនភាគហ៊ុន របស់ថវិកាជាតិតែម្តង។
ប្រាក់ទុនរបស់បរទេស ដែលហូរចូលមកប្រទេសចិន តាមរយៈផ្សារហ៊ុនចិនដីគោក-ហុងកុង បានឈានដល់ចំនួនជិត៣ពាន់លានដុល្លារអាមេរិកទៅហើយ បើគិតមកដល់ពេលនេះ ក្នុងឆ្នាំនេះ ពោលគឺច្រើនជាងដល់ទៅជិត៣ដង បើប្រៀបធៀបនឹងចំនួនប្រាក់ទុន ដែលវិនិយោគិននៅចិនដីគោក បោះទុនចូលទៅក្នុងផ្សារហ៊ុនហុងកុង។
វិស័យមួយចំនួនដូចជា ឱសថ និងគ្រឿងឧបភោគបរិភោគ គឺជាវិស័យដែលអ្នកជំនួញបរទេសចូលចិត្តបោះទុន។ ក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ហ្គ្រី (Gree) និង មីឌា (Midea) ព្រមទាំងក្រុមហ៊ុនផលិតស្រា វ៊ូលាំងយ័រ (Wuliangye) គឺជាក្រុមហ៊ុនកំពូលៗទាំងបី ដែលមានគេទិញភាគហ៊ុនច្រើនបំផុត នៅលើផ្សារហ៊ុន ស៊ិនជិន-ហុងកុង។
លោក ធីអូឌ័រ សូវ ប្រធានផ្នែកវិនិយោគ ក្រុមហ៊ុន Skybound Capital និយាយថា «មានវិស័យពីរ ដែលសំបូរអ្នកជំនួញបរទេសបោះទុនចូល ច្រើនជាងគេ។ គឺវិស័យលក់គ្រឿងឧបភោគបរិភោគ និង វិស័យបច្ចេកវិទ្យា។ វិស័យទាំងពីរនេះ មានចំនុចស្រដៀងគ្នាច្រើន។ ជាក់ស្តែងដូចជានៅក្នុងវិស័យលក់គ្រឿងឧបភោគបរិភោគអញ្ជឹង គឺវាមានរឿងនេះជាយូរណាស់មកហើយ បើទោះជាទីផ្សារមានសភាពឡើងចុះក៏ដោយ។ អ្នកវិនិយោគជាច្រើន ទាំងក្នុងស្រុកនិងក្រៅស្រុកជឿថា រឿងនេះនឹងបន្តកើតមានមួយរយៈទៀតសិន។ ហើយក្រុមហ៊ុនដែលប្រឡូកក្នុងវិស័យនេះ នឹងទទួលបានប្រយោជន៍យ៉ាងធំពីកំណើននេះ។ ក្រុមហ៊ុនជាច្រើនដែលប្រកបរបរក្នុងវិស័យលក់គ្រឿងឧបភោគបរិភោគ គឺជាក្រុមហ៊ុនឯកជន។ ពួកគេត្រូវប្រកួតគ្នាខ្លាំងណាស់ នៅលើទីផ្សារប្រទេសចិន។ កត្តានេះ ក៏ធ្វើឱ្យវិស័យនេះមិនសូវជួបរឿងគោលនយោបាយប្រែប្រួលដែរ។ វាខុសពីវិស័យផ្សេងទៀតដូចជា វិស័យអចលនទ្រព្យ ឬ វិស័យផលិតថាមពលថ្មីជាដើម ដែលត្រូវប្រឈមនឹងបទបញ្ញត្តិច្រើនជាង»។
ផ្សារហ៊ុនកម្រិត A របស់ចិន ក៏កំពុងមានវត្តមានលើឆាកអន្តរជាតិតាមរយៈប្រភពផ្សេងៗទៀតដែរ។ កាលពីដើមខែកញ្ញាកន្លងទៅ ក្រុមហ៊ុន MSCI បានដាក់បញ្ចូលផ្សារហ៊ុនចិនចំនួន១០ ចូលទៅក្នុងផ្សារហ៊ុននៃប្រទេសដែលកំពុងរីកចម្រើនខ្លាំង ដែលនាំឱ្យផ្សារហ៊ុនកម្រិត A របស់ចិន មានចំណែក៥ភាគរយនៅក្នុងផ្សារហ៊ុននោះ។ លើសពីនេះ ផ្សារហ៊ុនសៀងហៃ-ឡុងដុង ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការជាផ្លូវការ នៅចុងឆ្នាំនេះ ដែលនឹងបើកផ្លូវមួយទៀត សម្រាប់ឱ្យអ្នកវិនិយោគបរទេស បណ្តាក់ទុន។
លោក យ៉ាង ចុងនីង ទីប្រឹក្សាផ្នែកវិនិយោគ ក្រុមហ៊ុន Industrial Securities និយាយថា «លំហូរសាច់ប្រាក់ក្នុងកម្រិតថេរ ដែលហូរចូលមកពីទីផ្សារបរទេស កំពុងលើកស្ទួយដល់ទីផ្សារហ៊ុនកម្រិតA បើយើងគិតទៅប្រាក់ទុន។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ខ្ញុំគិតថា វត្តមានរបស់អ្នកវិនិយោគបរទេស កំពុងផ្តល់មេរៀនមួយដល់អ្នកវិនិយោគក្នុងស្រុក ពីព្រោះផ្សារហ៊ុនកម្រិត A របស់ចិន មានប្រាក់ទុនគ្រប់គ្រាន់ស្រាប់ទៅហើយ។ នៅពេលដែលអ្នកវិនិយោគបរទេសចូលមកក្នុងផ្សារហ៊ុននេះ អ្នកវិនិយោគក្នុងស្រុក គួរពិនិត្យមើល ពួកគាត់រៀបចំទ្រព្យសម្បត្តិបានត្រឹមត្រូវដែរឬទេ និងថាតើពួកគាត់វិនិយោគចំគោលដៅដែរឬទេ។ វត្តមានរបស់អ្នកវិនិយោគបរទេស ជួយបង្ហាញអ្នកវិនិយោគក្នុងស្រុក ទាំងជាបុគ្គលនិងជាស្ថាប័ន ឱ្យយល់ពីរបៀបដែលអ្នកវិនិយោគបរទេស បណ្តាក់ទុន»។
ផ្សារហ៊ុន ហ្វ៊ុតស៊ី រ៉ាស់ស៊ែល ដែលជាផ្សារហ៊ុនធំបំផុតលំដាប់ទីពីរក្នុងពិភពលោក ក៏រំពឹងថានឹងប្រកាសអំពីសេចក្តីសម្រេចរបស់ខ្លួន ថានឹងបញ្ចូលផ្សារហ៊ុនកម្រិត A របស់ចិន ទៅក្នុងប្រព័ន្ធផ្សារហ៊ុនរបស់ខ្លួនដែរឬយ៉ាងណា។ បើសិនជាដាក់បញ្ចូល អ្នកវិភាគរំពឹងថា នឹងមានប្រាក់យ៉ាងហោចណាស់ក៏១៣ពាន់លានដុល្លារអាមេរិកដែរ ដែលនឹងហូរចូលមកក្នុងទីផ្សារភាគហ៊ុនទាំងមូលរបស់ប្រទេសចិន៕ (សារព័ត៌មាន CCTV របស់ចិន)