(ឡាវ)៖ ទស្សនកិច្ចកាលពីពេលថ្មីៗនេះ របស់មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុនិស្តចិន លោក ចាវ ល័រជិ (Zhao Leji) ទៅកាន់ប្រទេសឡាវ បាននាំឱ្យមានកិច្ចព្រមព្រៀងជាច្រើន ដែលនឹងពង្រឹងឱ្យកាន់តែស៊ីជម្រៅ នូវចំណងទ្វេភាគីនិងសហប្រតិបត្តិការរវាងចិននិងឡាវ ព្រមទាំងរវាងបក្សកុម្មុនិស្តទាំងពីរដែលកំពុងគ្រប់គ្រងរដ្ឋាភិបាលផងដែរ។
នៅក្នុងពេលជួបប្រជុំជាមួយប្រធានាធិបតីឡាវ លោក ប៊ុនញាំង វរជីត លោក ចាវ បាននិយាយថា ទស្សនកិច្ចរបស់លោក មានគោលបំណងចង់អភិវឌ្ឍទំនាក់ទំនងរយៈពេលវែង ពង្រឹងទំនុកចិត្តទៅវិញទៅមកលើការងារផ្នែកនយោបាយ និងធ្វើឱ្យសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ។
លោក ចាវ បានមានប្រសាសន៍បន្ថែមថា ប្រទេសចិន ឱ្យតម្លៃយ៉ាងខ្ពស់ទៅលើគម្រោងកសាងផ្លូវដែក ចិន-ឡាវ ដែលត្រូវបានគេចាត់ទុកថាជាគម្រោងគំរូមួយ របស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ ហើយប្រទេសចិនមានឆន្ទៈចង់សហការជាមួយប្រទេសឡាវ ទៅលើគម្រោងធំៗជាច្រើនទៀត ទៅថ្ងៃអនាគត។
លោកប្រធានាធិបតីឡាវ បានសម្តែងការដឹងគុណចំពោះការផ្តល់ជំនួយរយៈពេលវែងរបស់ប្រទេសចិន មកកាន់ប្រទេសឡាវ ហើយលោកបានកោតសរសើរចំពោះស្នាដៃជាច្រើនរបស់ប្រទេសចិន ដែលមានចារទុកនៅក្នុងប្រវត្តិសាស្ត្រ។
នៅពេលជួបប្រជុំជាមួយលោកនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីស៊ូលីត លោក ចាវ បាននិយាយថាប្រទេសចិន មានឆន្ទៈចង់ពន្លឿនការងារសម្របសម្រួលរយៈពេលវែង ដើម្បីធ្វើឱ្យគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន និង ផែនការអភិវឌ្ឍជាតិរយៈពេលវែងរបស់ប្រទេសឡាវ ដើរស្របគ្នា ព្រមទាំងដើម្បីលើកស្ទួយដល់គម្រោងកសាងផ្លូវដែក ចិន-ឡាវ និង គម្រោងកសាងច្រកសេដ្ឋកិច្ច ចិន-ឡាវ។
លោក ចាវ បាននិយាយថា ការដោះដូរគ្នាទៅវិញទៅមកជាលក្ខណៈមិត្តភាពនៃគណៈកម្មការអធិការកិច្ច របស់បក្សកុម្មុនិស្តនៃប្រទេសទាំងពីរ បានទទួលជោគជ័យជាច្រើន លើការងារសហការប្រឆាំងនឹងអំពើពុករលួយ។ លោកសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការដោះដូរគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ លើការងារពង្រឹងការគោរពវិន័យ ពង្រីកសហប្រតិបត្តិការលើការងារបញ្ជូនជនល្មើសដែលបានគេចខ្លួនត្រលប់មកប្រទេសដើមវិញ ពង្រឹងការងារប្រមូលទ្រព្យសម្បតិ្តត្រលប់មកវិញ និងលើកស្ទួយចំណងទំនាក់ទំនងរវាងបក្សទាំងពីរ និងរវាងប្រទេសទាំងពីរ ជាបន្តបន្ទាប់។
លោក ចាវ បានចុះជួបក្រុមការងារដែលកំពុងសាងសង់ផ្លូវដែក ចិន-ឡាវ។ ផ្លូវដែក ដែលចំណាយប្រាក់សាងសង់អស់៦ពាន់៣រយលានដុល្លារអាមេរិកនេះ នឹងតភ្ជាប់ទីក្រុង ឃុនមីង (Kunming) នៅប៉ែកខាងត្បូងប្រទេសចិន ជាមួយរដ្ឋធានី វៀងច័ន្ទ របស់ប្រទេសឡាវ និងបន្តភ្ជាប់ទៅកាន់ប្រទេសថែផងដែរ។ ផ្លូវដែកនេះ នឹងក្លាយជាការតភ្ជាប់មធ្យោបាយដឹកជញ្ជូនដ៏ធំដំបូងគេបង្អស់ រវាងប្រទេសឡាវ និង ប្រទេសចិន ហើយផ្លូវដែកនេះ នឹងលើកស្ទួយដល់លំហូរពាណិជ្ជកម្ម និង ការអភិវឌ្ឍរបស់ប្រទេសទាំងពីរ៕ (សារព័ត៌មាន CCTV របស់ចិន)