(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជា លើកទី២ ជាផ្លូវការហើយ នៅព្រឹកថ្ងៃអង្គារនេះ ដោយមានសមាជិកសរុប ២៤នាក់ ក្នុងនោះក៏មានវត្តមានកីឡាករឆ្នើម ចាន់ វឌ្ឍនាកា ផងដែរ តែគ្មានវត្តមានអ្នកចាំទីដៃទី១ ស៊ូ យ៉ាទី ឡើយ ។
នៅក្នុងបញ្ជីឈ្មោះកីឡាករជម្រើសជាតិ ដែល FFC ទើបបង្ហោះក្ដៅៗលើទំព័រហ្វេសប៊ុករបស់ខ្លួនព្រឹកនេះ រួមមានសមាជិកក្លឹបណាហ្គាវើល ៤នាក់, ភ្នំពេញក្រោន ៤នាក់, វិសាខា ៤នាក់, ព្រះខ័នរាជស្វាយរៀង ៤នាក់, ក្រសួងការពារជាតិ ៤នាក់, បឹងកេត ៣នាក់ ខណៈម្នាក់ទៀត គឺកីឡាករ ធារី ចន្ថាប៊ីន មកពីក្លឹបលីគកំពូលម៉ាឡេស៊ី Terengganu FC ។
ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍កីឡាករ ចាន់ វឌ្ឍនាកា ដែលមិនបានជាប់ក្នុងបញ្ជីឈ្មោះជម្រើសជាតិ កាលពីប្រមូលផ្ដុំប្រកួតមិត្តភាពអន្ដរជាតិជាមួយម៉ាឡេស៊ីកាលពីពេលថ្មីៗ ក្រោមការដឹកនាំផ្ទាល់របស់អ្នកចាត់ការទូទៅថ្មីលោក Keisuke Honda ត្រូវបានកោះហៅប្រមូលផ្ដុំវិញហើយ ។ តែគួរឲ្យស្ដាយអ្នកចាំទី ស៊ូ យ៉ាទី មិនអាចជួយក្រុមជម្រើសជាតិបានទេ ដោយសារបញ្ហារបួសប្រេះឆ្អឹងដៃដែរ ទើបធ្វើឲ្យរូបគេ របូតឱកាសជាប់ជម្រើសជាតិលើកនេះ ។
គួរបញ្ជាក់ថា ក្រោយការប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិក្នុងដីចំនួន ២ប្រកួត ក្រោយពិធីបុណ្យភ្ជំបិណ្ឌ នាពេលខាងមុខ រួមមានជួបក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ គ្រាដែលសំបុត្រចូលទស្សនាការប្រកួតទី១ ត្រូវបានសហព័ន្ធដាក់លក់ហើយ ក្នុងតម្លៃ ១ម៉ឺនរៀល និង ៥ពាន់រៀល៕