(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលគោរព វិញ្ញាណក្ខន្ធ លោក នៃ ប៉េណា អនុប្រធានទី១ នៃព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពី៣ថ្ងៃមុន។
តាងនាមរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវសមានចិត្ត និងការចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកស្រី មាឃ ឡាញ់ នៃ ប៉េណា ក៏ដូចជាជូនចំពោះក្រុមគ្រួសារសព ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នេះ។
នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសមរណទុក្ខរបស់ លោកនៃប៉េណា ដែលមានខ្លឹមសារជាអាទិ៍ថា៖ «តាងនាមរាជរដ្ឋាភិបាលនិងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមនូវមរណទុក្ខប្រកបដោយក្តីសង្វេគសោកស្ដាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា គឺជាការបាត់បង់នូវស្វាមីប្រកបដោយសង្គហធម៌ដ៏ល្អពិសេស និងជាការបាត់បង់ឪពុកជីតាប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ព្រមទាំងការបាត់បង់នូវកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកាក្នុងការបម្រើបុព្វហេតុជាតិសាសនាព្រះមហាក្សត្រគ្រប់កាលៈទេសៈ»។
សម្ដេចតេជោនាយករដ្ឋមន្រ្តី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តម នៃប៉េណា សូមឆាប់បានយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា លោក នៃ ប៉េណា ជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់កម្ពុជា បានទទួលមរណភាព ដោយរោគាពាធ នាំ នាវេលាម៉ោង១៖០០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧៤ឆ្នាំ។ សពរបស់លោក នៃ ប៉េណា ត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡាវីស ច្រកទ្វារទី២ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពិធីដង្ហែរសពនឹងប្រពឹត្តទៅនៅព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨ ឆ្ពោះទៅកាន់ឈាបនដ្ឋាននៅទីលានមុខវត្តបុទុមវត្តី៕