បើកបរត្រូវប្រុងប្រយ័ត្នគ្រប់វិនាទី ! បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ក្នុងករណីបើករថយន្តបុកទ្រូងផ្លូវ២ករណីផ្សេងគ្នា ប៉ុន្តែកន្លែងកើតហេតុតែមួយ (Video inside)
02-10-2018 07:36
(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីអ្នកទាំងពីរបានបើករថយន្តទៅបុកទ្រូងផ្លូវនៅមុខនៅផ្សារ៧មករា ទីកន្លែងកើតេហតុតែមួយ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
សេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News បានរាយការណ៍មកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូ បានកើតឡើងនៅវេលាម៉ោង១០៖០០នាទីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ បង្កឡើងដោយបុរសម្នាក់បើករថយន្ត Mercedes បណ្តាលឱ្យអ្នកបើកបរថយន្តរងរបួសបាក់ជើង បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ចំណែកហេតុការណ៍ទី២ បានកើតឡើងនាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗតែម្តង បន្ទាប់ពីបើករថយន្ត Prius អត់ស្លាកលេខ បុកទ្រូងផ្លូវធ្វើឲ្យរថយន្តឆេះផ្នែកខាងមុខ ស្ទើរតែទាំងស្រុងតែម្ដង ហើយសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯស្រុកកំណើត។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានមន្ត្រីនគរបាលជំនាញអះអាងថា ក៏មានចំណែកដោយសារមន្ទីរសាធារណការរាជធានីភ្នំពេញ យកក្បាលថ្មដែលដាក់ចែកទ្រូងផ្លូវនោះជាថ្មសុទ្ធដោយមិនទាន់បាញ់ថ្នាំឲ្យមានចំណាំងផ្លាត ដើម្បីមើលឃើញច្បាស់នោះទេ ធ្វើឲ្យបើកបរពិបាកមើលផ្លូវ គាប់ជួនអ្នកបើកបរលឿនផងដែរ។
ក្រោយកើតហេតុរថយន្តទាំងពីរគ្រឿង ត្រូវបានមន្ត្រីជំនាញចរាចរណ៍ស្ទួចយកទៅរក្សារទុក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕