(ភ្នំពេញ)៖ ដោយសារគ្រោះមហន្តរាយធម្មជាតិ និងដើម្បីរួមចំណែកជួយសម្រាលការលំបាក ដល់ប្រជាជនឥណ្ឌូនេស៊ី កាកបាទក្រហមកម្ពុជា (ហៅកាត់ថា កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅរសៀលថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នេះ បានចាត់ឱ្យគណៈប្រតិភូនាំយកសារលិខិតចូលរួមរំលែកទុក្ខ និងនាំយកថវិកាចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ទៅប្រគល់ជូនដល់កាកបាទក្រហមឥណ្ឌូណេស៊ី តាមរយៈ លោក ស៊ូឌីរម៉ាន់ ហាសែន (Sudirman Haseng) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រតិបត្តិការ ជួយប្រជាជនរងគ្រោះដោយសាររញ្ជួយដី និងរលកយក្សស៊ូណាមី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។
នៅក្នុងជំនួបនោះដែរ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយចំពោះការបាត់ខ្លួន និងការស្លាប់បាត់បង់ជីវិតមនុស្សរាប់រយនាក់ និងមនុស្សរាប់សែននាក់បាត់បង់ទីជម្រក និង ខូចខាតទ្រព្យសម្បតិ្តច្រើនឥណគណនា ដោយសារគ្រោះមហន្តរាយធម្មជាតិ កាលពីពេលកន្លងទៅថ្មីៗនេះ។
ជាមួយគ្នានោះ លោក ស៊ូឌីរម៉ាន់ ហាសែង (Sudirman Haseng) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ គិតគូរ ផ្តល់ថវិកាជួយសម្រាលការលំបាកដល់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសឥណ្ឌូណេស៊ី ។
លោកបានបន្ថែមទៀតថា ក្នុងនាមសមាគមអាស៊ានតែមួយ និងជាមិត្តយូរអង្វែង ប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី តែងតែជួយគ្នាទៅវិញទៅមក ក្នុងកាលៈទេសៈមានទុក្ខលំបាក ហើយសង្ឃឹមថា ប្រជាជន និងប្រទេសទាំងពីរ នៅតែបន្តរក្សាបានទំនៀមទម្លាប់ ប្រពៃណី សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរឹងមាំជាមួយគ្នាយូរអង្វែងតទៅ៕