(ព្រះសីហនុ)៖ បន្ទាប់ពីបញ្ចប់ទិវាទេសចរណ៍ពិភពលោក នាថ្ងៃទី០១ ខែតុលានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណកម្មធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានបន្តជួបប្រជុំជាមួយគណៈកម្មការជាអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះសីហនុ ដែលមានលោកអភិបាល យន្ត មីន ជាប្រធានគណៈកម្មការ លោក អភិបានរងខេត្ត មន្ទីរជំនាញ និងអភិបាលក្រុងជាសមាជិកនៅសាលាខេត្តព្រះសីហនុ ដើម្បីពិគ្រោះយោបល់រិះរកវិធីដោះស្រាយបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត យន្ត មីន លោកអភិបាលរងខេត្តនិងអភិបាលក្រុង បានលើកឡើងបន្តបន្ទាប់គ្នាពីការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហាអនាម័យ បរិស្ថាន សំរាម កាកសំណល់រាវ ដីធ្លី សំណង់ ការគ្រប់គ្រងអាជីវកម្មទេសចរណ៍ ជាដើម ដែលសម្រេចបានលទ្ធផលនាពេលកន្លងមក ហើយក៏បានលើកឡើងពីបញ្ហាប្រឈមនានា ក្នុងខេត្តព្រះសីហនុផងដែរ ដើម្បីរួមគ្នាពិភាក្សារិះរកវិធីសាស្ត្រដោះស្រាយឱ្យបានល្អ ប្រកបដោយប្រសិទ្ធភាពជាបន្ត។
បន្ទាប់ពីស្ដាប់នូវការរាយការណ៍ខាងលើរួចមក លោករដ្ឋមន្ត្រី ថោង ខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មការអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តព្រះសីហនុ។
ជាមួយគ្នានោះ លោកក៏បានលើកទឹកចិត្តដល់គណៈកម្មការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តព្រះសីហនុ ក៏ដូចជាមន្ទីរ-ស្ថាប័នជំនាញ នៃគណៈកម្មការអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តព្រះសីហនុ ត្រូវខិតខំបន្ថែមទៀតក្នុងការគ្រប់គ្រងកាកសំណល់រាវក្នុងក្រុង ពិសេសចំពោះមុខត្រូវខិតខំទប់ស្កាត់ឱ្យបាននូវទឹកកខ្វក់មិនឱ្យហូរចូលសមុទ្រ សំដៅអនុវត្តឱ្យបានតាមផែនការ ដែលគណៈកម្មការជាតិគ្រប់គ្រងអភិវឌ្ឍន៍ឆ្នេរបានប្រជុំរយៈពេល២ខែកន្លងមក។ សម្រាប់រយ:ពេលមធ្យម និងយូរអង្វែង គណៈកម្មការអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តព្រះសីហនុ នឹងពិភាក្សាជាមួយក្រសួងជំនាញពាក់ព័ន្ធបន្តទៀត។
ដោយឡែក ចំពោះបញ្ហាសំរាមក៏ដូចគ្នាដែរ លោក ថោង ខុន ក៏បានស្នើឱ្យរដ្ឋបាលក្រុងជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងព្រះសីហនុ ត្រូវយកចិត្តទុកដាក់បន្ថែមក្នុងការបំពេញការងារ និងបន្ថែមឧបករណ៍ មធ្យោបាយ សំភារះចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការប្រមូលសំរាម និងកាកសំណល់ក្នុងក្រុង ពិសេសត្រូវពង្រាយធុងដាក់សំរាមនៅគ្រប់ផ្ទះប្រជាពលរដ្ឋ ត្រូវមានដេប៉ូសំរាម និងពង្រីកមធ្យោបាយដឹកជញ្ជូនសំរាមទាំងនោះឱ្យបានជាប់ជាប្រចាំ ព្រមជាមួយការយកចិត្ទុកដាក់ជំរុញការជួលជុលផ្លូវទៅកាន់កន្លែងចាក់សំរាមឱ្យបានឆាប់រហ័ស សំដៅធ្វើឱ្យទីក្រុងព្រះសីហនុទាំងមូលក្លាយជាទីក្រុងស្អាត គ្មានសំរាម។
ត្រូវខិតខំទប់ស្កាត់សំណង់អនាធិបតេយ្យ និងគ្រប់គ្រងការដ្ឋានសាងសង់ឱ្យបានល្អ ពិសេសការដឹកជញ្ជូនបញ្ចេញកាកសំណល់សាងសង់ឱ្យបានទាន់ពេលវេលា។ ត្រូវវរាយការណ៍ជូនក្រសួងជំនាញ ដើម្បីសុំជួយជួសជុលផ្លូវក្នុងក្រុងអោយបានរហ័ស ក្រោយរដូវភ្លៀវនេះ។
ខាងផ្នែកទេសចរណ៍ត្រូវខិតខំសហការគ្នាជាមួយក្រុង និង គណកម្មាធិការគ្រប់គ្រងឆ្នេរ ធ្វើការគ្រប់គ្រងឆ្នេរ អោយបានល្អ ខិតខំសម្អាត និងគ្រប់គ្រងឆ្នេរខ្សាច់ថ្មីៗ ដើម្បីឱ្យប្រជាជនបានកម្សាន្ត។ ត្រូវគ្រប់គ្រង ផ្តល់អាជ្ញាបណ្ណទេសចរណ៍ឱ្យបានគ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវខិតខំបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបនឹងសំណូមពរការងារ។ អាជ្ញារធរខេត្ត ក្រុង និងមន្ទីរជំនាញត្រូវខិតខំគ្រប់គ្រងការដាក់ស្លាកសញ្ញាអាជីវកម្មឱ្យបានល្អតាមការណែនាំរបស់ក្រសួងជំនាញ។
ថ្វីដ្បិតគណៈកម្មការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តជួបប្រទះនូវបញ្ហាខ្វះខាតមួយចំនួន ដូចជាធនធានមនុស្ស សម្ភារប្រើប្រាស់ ក៏ដូចជាថវិកាក៏ពិតមែន ប៉ុន្តែលោករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ ដែលសមាជិកនៃគណៈកម្មការអភិវឌ្ឍន៍វិស័យទេសចរណ៍ ត្រូវខិតខំអនុវត្តការងារជំនាញដែលក្រសួងបានដាក់ចុះ ពិសេសនៅពេលសង្កេតឃើញមានបញ្ហាមិនប្រក្រតី ត្រូវរាយការណ៍ទៅកាន់ក្រសួងជំនាញ ដើម្បីធ្វើការណែនាំឱ្យបានទាន់ពេលវេលា ពីព្រោះការរាយការណ៍ពីព័ត៌មានជារឿងដ៏ចាំបាច់បំផុត ដើម្បីក្រសួង-ស្ថាប័នជំនាញ មានផែនការជួយដោះស្រាយទាន់ពេលវេលា។
ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ ក៏ដូចជាក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ក្រុង នៅតែខិតខំប្រឹងប្រែងសហការគ្នាធ្វើឱ្យខេត្តព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពហុបំណងមួយដ៏សំខាន់នោះ មានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងក្លាយជាគោលដៅទេសចរណ៍ស្អាត និងបៃតង ដើម្បីទទួលបានអ្នកវិនិយោគ និងទេសចរជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើន៕