(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងមូលនិធិភ្នែក Hawaiian Eye Foundation របស់សហរដ្ឋអាមេរិក ជាមួយមន្ទីរពេទ្យមិត្ដភាព-ខ្មែរសូវៀត (មន្ទីរពេទ្យរុស្ស៊ី) បានផ្ដល់ជូននូវការពិនិត្យ ព្យាបាល និងវះកាត់ភ្នែកគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋកម្ពុជា ចាប់ពីថ្ងៃទី០១-០៥ ខែតុលា ឆ្នាំ២០១៨ តម្លៃព្យាបាលវះកាត់តាមមន្ទីរពេទ្យរដ្ឋធម្មតា។
នេះបើតាមការលើកឡើងរបស់លោកសាស្ដ្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត បានថ្លែងនៅក្នុងសិក្ខាសាលា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ នៅមន្ទីរពេទ្យ។
លោក Jonh Corboy ប្រធានមូលនិធិ Hawaiian Eye Foundation បានថ្លែងផងដែរថា «កម្ពុជា គឺជាប្រទេសមួយដ៏ល្អ និងមានសន្ដិភាព ដូចនេះ យើងបានកំពុងតែសិក្សាអំពីកង្វះខាតថា នឹងមានអ្វីខ្លះ លើវិស័យសុខាភិបាល ពិសេសលើផ្នែកភ្នែកតែម្ដង» ។
លោកបន្ដថា «សម្រាប់ការធ្វើដំណើរមកកម្ពុជា និងសហការជាមួយមន្ទីរពេទ្យរុស្ស៊ីនៅពេលនេះ ជាលើកដំបូង ដើម្បីបណ្ដុះបណ្ដាលជំនាញឯកទេសភ្នែក ជូនដល់លោកគ្រូ អ្នកគ្រូពេទ្យ និងនិស្សិតឯកទេសពេទ្យភ្នែកនៅកម្ពុជា ក្រៅពីមកព្យាបាលប្រជាពលរដ្ឋនៅទីនេះ ។លើសពីនោះ យើងនឹងផ្ដល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាផងដែរ» ។
លោកបញ្ជាក់ថា ពីរឆ្នាំក្រោយ លោកនឹងមកម្ពុជាម្ដងទៀត ដើម្បីបន្ដសហការជាមួយមន្ទីរពេទ្យរុស្ស៊ី ពិសេសនាំយកនូវបច្ចេកទេស ពីអ្វីដែលមាននៅអាមេរិក មកកម្ពុជា។ លោកក៏បានបង្ហាញពីការស្រលាញ់ និងពេញចិត្ដយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរនេះ ។
ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងផងដែរថា «ក្រោមកិច្ចសហការជាមួយមូលនិធិ Hawaiian Eye Foundation របស់សហរដ្ឋអាមេរិក យើងសង្ឃឹមថានិស្សិតពេទ្យ និងគ្រូពេទ្យនៅកម្ពុជា នឹងទទួលបាននូវចំណេះជំនាញថ្មីបន្ថែមទៀត លើផ្នែកនេះកាន់តែប្រសើរ ក្នុងការពិនិត្យនិងព្យាបាល ជូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត» ។
លោកបន្ដថា សម្រាប់កិច្ចសហប្រតិបត្ដិការនេះ គឺល្អណាស់សម្រាប់ក្រុមគ្រូពេទ្យរបស់យើង ដើម្បីពង្រឹងនូវបច្ចេកទេសកាន់តែមានប្រសិទិ្ធកាន់ខ្ពស់ និងជួយដល់និស្សិតយើង កំពុងតែបណ្ដុះបណ្ដាល អាចយល់បានពីការអភិវឌ្ឍនៃប្រទេសគេបានច្រើនផងដែរ ។
សូមជម្រាបថា មូលនិធិ Hawaiian Eye Foundation បានបង្កើតឡើងជាង៤០ឆ្នាំមកហើយ និងបានជួយទៅដល់បណ្ដាប្រទេសដែលកំពុង់អភិវឌ្ឍជាច្រើន ហើយថ្មីៗមូលនិធិនេះ ក៏បានទៅប្រទេសភូមាផងដែរ ៕