(ភ្នំពេញ)៖ តាមការគ្រោងទុកវិមានឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា នឹងត្រូវសម្ពោធជាផ្លូវការនៅចុងឆ្នាំនេះ ពោលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកិច្ចប្រជុំស្ដីពី ការត្រៀមកម្លាំងសហការការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ ដើម្បីអបអរសាទរខួប២០ឆ្នាំ នៃការស្វែងរកសន្តិភាពតាមនយោបាយឈ្នះឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
កិច្ចប្រជុំនេះក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានដាក់ចេញនូវវិធានការ១ចំនួន ដើម្បីឈានទៅរៀបពិធីសម្ពោធវិមានឈ្នះឈ្នះ ដែលនៅសល់តែរយៈពេលជាងមួយខែទៀត តែប៉ុណ្ណោះឲ្យបានល្អប្រសើរ។
លោកអភិបាលបានបញ្ជាក់ថា «វិមានឈ្នះឈ្នះដែលរៀបចំកសាងឡើងដោយក្រសួងការពារជាតិ គឺជានិមិត្តរូប នៃការបញ្ចប់សង្គ្រាមដ៏រ៉ាំរៃនៅកម្ពុជា និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី២០ នៃការបញ្ចប់សង្រ្កាមនៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពតែមួយគត់ និងជាអ្នកពន្លត់ភ្លើងសង្គ្រាម ដ៏រ៉ាំរៃនៅកម្ពុជា ដោយពុំមានការបង្ហូរឈាម នាំមកនូវសុខសន្តិភាព ពេញផ្ទៃប្រទេស និងការអភិវឌ្ឍន៍»។
លោក ឃួង ស្រេង បន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមរៀបចំកម្មវិធីនេះ ឲ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ តាមរយៈការត្រៀមរៀបចំអនុគណៈកម្មការទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន។
គួរបញ្ជាក់ថា វិមានឈ្នះឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា ហើយកំពុងសាងសង់នេះ គ្រោងសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨)។ វិមានឈ្នះ-ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងទំហំដី៨ហិកតា ស្ថិតនៅខណ្ឌជ្រោយ ចង្វារ។
កាលពីព្រឹកមិញ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ បានបន្តដឹកនាំក្រុមការងារសាងសង់ វិមានឈ្នះ-ឈ្នះ បន្តចុះត្រួតពិនិត្យដំណើរការសាងសង់ វិមានឈ្នះ-ឈ្នះ។ ការចុះត្រួតពិនិត្យដំណើរការសាងសង់នេះ មានការអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនិងជាប្រធានក្រុមការងារសិក្សា ស្រាវជ្រាវសាងសង់វិមានឈ្នះ-ឈ្នះ, នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ រួមជាមួយក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះយ៉ាងច្រើនកុះករ ផងដែរ។
ការចុះត្រួតពិនិត្យនេះ គឺសម្តេចពិជ័យសេនា ដែលជាប្រធាននោះ តែងតែដឹកនាំក្រុមការងារចុះត្រួតពិនិត្យឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឱ្យវិមានជានិមិត្តរូបនេះ ការបង្រួបបង្រួមជាតិខ្មែរមួយនេះ កសាងបានគ្រប់ជ្រុងជ្រោយ និងឱ្យទាន់ពេលវេលានៃថ្ងៃប្រារព្ធ ពិធីតាមការកំណត់របស់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។
ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានប្រឹងប្រែងយ៉ាងមុះមត់ ក្នុងការដឹកនាំក្រុមការងារសាងសង់វិមានជាប្រវត្តិសាស្រ្តមួយនេះ តាមការណែនាំ និងចង្អុលបង្ហាញជាប្រចាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់៕