ខ្មែរ ប៊ែវើរីជីស ចាប់ផ្តើមគម្រោង សាលាស្អាត នៅខេត្តបាត់ដំបង ឆ្នាំ២០១៨
01-10-2018 18:14
(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចាប់ផ្តើមគម្រោង សាលាស្អាត ដែលកំពុងតែជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាចំនួន៦ នៅខេត្តបាត់ដំបង ដែលនឹងចំណាយទឹកប្រាក់សរុប ជិត២០ម៉ឺន ដុល្លារសហរដ្ឋអាមេរិក។
ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានបង្កើតគម្រោង សាលាស្អាត ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពសាលារៀន នៅជុំវិញប្រទេសឲ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត និងបង្កើនបរិយាកាសសិក្សាឲ្យល្អប្រសើរជាងមុន សម្រាប់សិស្សានុសិស្ស។
សព្វថ្ងៃ គម្រោងនេះ កំពុងតែអនុវត្តក្នុងខេត្តបាត់ដំបង ដោយក្នុងនោះមានសាលារៀនចំនួនប្រាំមួយ ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោង សាលាស្អាត រួមមាន វិទ្យាល័យអង្លង់វិល វិទ្យាល័យហ៊ុនសែនភ្នំសំពៅ វិទ្យាល័យក្តុលដូទាវ វិទ្យាល័យសង្កែ អនុវិទ្យាល័យកំពុងព្រះ និងអនុវិទ្យាល័យវត្តគ ។
អត្ថប្រយោជន៍នៃគម្រោង សាលាស្អាត មានដូចជា ការជួសជុលឡើងវិញនូវខ្លោងទ្វារ របងសាលា ដងទង់ជាតិ និងតារាងបាល់ ព្រមទាំងការចាក់ផ្លូវបេតុង និងរៀបការ៉ូឡា ក្នុងបរិវេណសាលារៀនជាដើម។
ក្រៅពីអនុវិទ្យាល័យ និងវិទ្យាល័យក្នុងខេត្តបាត់ដំបង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានជួយកែលម្អហេដ្ឋរចនាសម្ព័ន្ធ ក្នុងវិទ្យាល័យមួយចំនួន ក្នុងរាជធានីភ្នំពេញ រួមមាន វិទ្យាល័យព្រះស៊ីសុវត្តិ វិទ្យាល័យដំបូកខ្ពស់ វិទ្យាល័យទួលអំពិល និងអនុវិទ្យាល័យដង្កោជាដើម ៕