(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ ចុះចែកគ្រាប់ស្រូវពូជជូនប្រជាកសិករ ចំនួន១,៣១៧គ្រួសារ មកពី៣ឃុំ នៅស្រុកបាធាយ ខេត្តកំពង់ចាម ដែលពួកគាត់បានរងផលប៉ះពាល់ដោយសារទឹកជំនន់នាពេលន្លងមក។
បន្ទាប់ពីថ្លែងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ចំពោះប្រជាកសិករ, លោក គួច ចំរើន បានថ្លែងថា នៅក្នុងខណៈនេះ គ្រាប់ពូជស្រូវដែលត្រូវចែកជូនបងប្អូន មានចំនួន៣ឃុំ ក្នុងនោះគឺឃុំបាធាយ ឃុំតាំងក្រាំង និងឃុំច្បារអំពៅ ដែលមានចំនួន១,៣១៧គ្រួសារ ដែលបានរងគ្រោះដោយសារទឹកជំនន់ នាពេលកន្លងមក ដែលក្នុងនោះ មួយគ្រួសារទទួលបានគ្រាប់ពូជស្រូវទម្ងន់៤០គីឡូក្រាម។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ពិតណាស់ថា រដូវទឹកជំនន់កន្លងទៅនេះ មានបងប្អូនខ្លះរងផលប៉ះពាល់លិចលង់ទាំងផ្ទះសំបែង និងលិចលង់ទាំងដំណាំស្រូវ ចំណែកឯបងប្អូនខ្លះទៀត លិចលង់តែដំណាំស្រូវទេ ហើយចំពោះបងប្អូនដែលត្រូវបានទទួលគ្រាប់ពូជស្រូវនាពេលនេះ សូមប្រញ៉ាប់យកទៅធ្វើការដាំដុះ ឲ្យបានទាន់ចុងដូវ ដែលទឹកទន្លេកំពុងបន្តស្រកយ៉ាងលឿននេះ បើមិនដូច្នោះទេ ទឹកទន្លេស្រកចុះលឿនណាស់ បងប្អូនមិនអាចធ្វើការដាំដុះស្រូវធ្ងន់ ឬស្រូវកណ្តាលបាននោះទេ។
បើតាមលោកអភិបាលខេត្ត អាជ្ញាធរខេត្ត ក៏ដូចជាមន្ត្រីជំនាញកសិកម្ម បានពិភាក្សាគ្នារួចហើយ ទើបបាននាំគ្នាប្រញ៉ាប់ប្រញ៉ាល់ នាំគ្រាប់ស្រូវពូជ មកចែកជូនបងប្អូន ដើម្បីយកទៅធ្វើការដាំដុះឲ្យបានទាន់ពេលវេលានៅចុងរដូវនេះ។ ដោយឡែក នៅសល់ប្រជាកសិករយើងចំនួន៣ឃុំទៀត គឺឃុំជាលា ឃុំសំបូរ និងឃុំត្រប់ និងបន្តចែកគ្រាប់ស្រូវពូជជូននៅពេលក្រោយ៕