រដ្ឋមន្ដ្រី សាយ សំអាល់ ដឹកនាំមន្រ្តីចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នៃ ប៉េណា ក្រោយទទួលមរណភាពនៅជន្មាយុ៧៤ឆ្នាំ
01-10-2018 17:49
(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន តំណាងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងបរិស្ថាន មានក្តីរន្ធត់ឥតឧបមា និងសោកស្តាយ អាឡោះអាឡៃជាទីបំផុត ដោយទទួលបានដំណឹងអំពីមរណភាពរបស់ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ឋសភា ។
លោក សាយ សំអាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «មរណភាពរបស់ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា គឺជាការបាត់បង់កុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ពោរពេញដោយឆន្ទៈមនសិការ ក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ»។
តាងនាមថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងបរិស្ថាន សូមសម្ដែងនូវការសោកស្ដាយ ស្រណោះ អាឡោះអាល័យក្រៃលែង និងសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ សម្ដេចវិបុលសេនាភក្ដី និងក្រុមគ្រួសារ ញាតិមិត្ដនៃសពឯកឧត្តម នៃ ប៉េណា ប្រកបដោយសមានទុក្ខ និងក្ដីសង្វេគទុក្ខរកទីបំផុតគ្មាន។
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន ដឹកនាំដោយលោករដ្ឋមន្រ្តី សាយ សំអាល់ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នៃ ប៉េណា នៅគេហដ្ឋានសព។
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ក្រសួងបរិស្ថាន សូមបួងសួងឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម នៃ ប៉េណា បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕