(ឥណ្ឌូនេស៊ី)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំឥណ្ឌូនេស៊ី បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយប្រកាសឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ផ្អាកការធ្វើដំណើរទៅកាន់តំបន់ដែលមានគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិក្នុងប្រទេសឥណ្ឌូនេស៊ី បើគ្មានភារកិច្ចចាំបាច់ រហូតដល់ស្ថានភាពបានប្រសើរឡើងវិញ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច នាល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ។
ស្ថានទូតបានបង្ហាញរបាយការណ៍មួយថា កាលពីថ្ងៃទីសុក្រ ទី២៨ ខែកញ្ញា កន្លងទៅ មានគ្រោះធម្មជាតិរញ្ជួយដី និងរលកស៊ូណាមិ នៅទីក្រុងប៉ាលូ និងដុងខាឡា ភាគកណ្តាលនៃខេត្តស៊ូឡាវ៉េស៊ី ប្រទេសឥណ្ឌូនេស៊ី បណ្តាលឱ្យមនុស្សស្លាប់ប្រមាណ៨៣២នាក់ និងរបួស៥៤០នាក់។
បច្ចុប្បន្នចំនួនអ្នកស្លាប់ និងអ្នករបួសនៅតែបន្តកើនឡើង ហើយព្រលានយន្តហោះទីក្រុងប៉ាលូ ពុំទាន់ដំណើរការបាននៅឡើយទេ រីឯហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាតយ៉ាងខ្លាំង។