(ហ្វីលីពីន)៖ ក្រុមហ៊ុននាំចេញអង្ករដ៏ល្បីឈ្មោះរបស់កម្ពុជា គឺក្រុមហ៊ុន Amru rice នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ ទទួលបានពានរង្វាន់ជើងឯក Golden AGROW Award 2018 ក្នុងការចូលរួមជួយកសិករខ្នាតតូចឲ្យរួចផុតពីភាពក្រីក្រ ពី ASEAN Business Advisory Council ក្នុងកិច្ចប្រជុំកំពូល ស្ដីពីកសិកម្ម ឆ្នាំ២០១៨ «ASEAN Agriculture Submit 2018» នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។
បញ្ជាក់ប្រាប់អង្គភាព Fresh News នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru rice បានឲ្យដឹងថា ពានរង្វាន់ជើងឯក Golden AGROW Award 2018 នេះ គឺជាពានរង្វាន់សម្រាប់ក្រុមហ៊ុន ដែលមានស្នាដៃជួយដល់កសិករតូចៗ ដែលពួកគាត់ធ្វើការងារកន្លងមកជាមួយនឹង Amru Rice។
លោក សុង សារ៉ន បានបន្ថែមទៀតថា ការផ្ដល់ជូនជារង្វាន់ជើងឯកនេះ គឺជាការទទួលស្គាល់មួយ ដែលឆ្លុះបញ្ជាំង ពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក៏ដូចជាដៃគូសហការផ្សេងៗទៀត ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារអភិវឌ្ឍន៍ជនបទ, ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, សហព័ន្ធស្រូវអង្ករកម្ពុជា អង្គការដៃគួអភិវឌ្ឍន៍ផ្សេងៗ និងអាជ្ញាធរមូលដ្ឋាន ដែលគាត់ចូលរួមផងដែរ។
សូមជម្រាបថា ក្រុមហ៊ុន Amru rice បានចូលរួមជួយដល់កសិករតាមរយៈកិច្ចព្រមព្រៀងលើកិច្ចសន្យាកសិកម្ម ដោយបានធ្វើជាមួយសហគមន៍កសិករនៅខេត្តព្រះវិហារ បាត់ដំបង ខេត្តកំពង់ធំ កំពង់ចាមជាដើម។ ដោយក្រុមហ៊ុនធានាទិញស្រូវពីកសិករ ក្នុងតម្លៃដ៏សមរម្យ ដើម្បីកែច្នៃជាអង្ករសម្រាប់នាំចេញ៕