(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ រួមជាមួយមន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយរបស់អនុសាខាខណ្ឌ ទៅចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅ ចំនួន០១គ្រួសារ ក្នុងភូមិបាគូ សង្កាត់ដង្កោ។
អំណោយដែលលោក នុត ពុធដារ៉ា យកទៅប្រគល់ជូនគ្រួសាររងគ្រោះ ក្នុងឱកាសនោះរួមមាន អង្ករ៦០គីឡូក្រាម, មី២កេស, ឆ្នាំងបាយ២, គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់២០មុខផ្សេងទៀត ព្រមទាំងថវិកា៥០ម៉ឺនរៀល។
ថ្លែងក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការសោកស្ដាយពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសាររងគ្រោះផងដែរ។
បន្ថែមពីនេះ លោកអភិបាលខណ្ឌ ក៏ណែនាំ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ជុំវិញគ្រោះថ្នាក់សង្គមមួយនេះ និងមើលថែរក្សាកូនចៅបានល្អ ដើម្បីកុំឲ្យមានគ្រោះថ្នាក់អ្វីផ្សេងៗកើតឡើង៕